Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅក្រមរដ្ឋកាលីហ្វរញ៉ា៖ «លោក ដូណាល់ ត្រាំ មិនអាចប្រើការប្រកាសអាសន្ន ដើម្បីយកលុយទៅកសាងជញ្ជាំងព្រំដែននោះឡើយ» (Video inside)

25-05-2019 11:28

(កាលីហ្វរញ៉ា)៖ ចៅក្រមសហព័ន្ធនៃរដ្ឋកាលីហ្វរញ៉ា បានសម្រេចរារាំងមិនឲ្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើប្រាស់លុយ ដែលបានមកក្រោមការប្រកាសអាសន្ន ទៅសាងសង់ផ្នែកមួយចំនួន នៃជញ្ជាំងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលលោកប្រាថ្នាចង់តាំងពីយូរណាស់មកហើយ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP ដកស្រង់ដោយ Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។

នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅរដ្ឋកាលីហ្វរញ៉ា) ចៅក្រមសហព័ន្ធម្នាក់គឺលោក ហាយវូដ ហ្គីលៀម (Haywood Gilliam Jr.) បានសម្រេចរាំងខ្ទប់ កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបង្វិលលុយពីកញ្ចប់មូលនិធិយោធា យកទៅប្រើក្នុងការកសាងកំណាត់ ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ដោយបើតាមសេចក្តីបង្គាប់របស់ចៅក្រមរូបនេះ វានឹងប៉ះពាល់លើការសង់កំណាត់ជញ្ជាំងមានចម្ងាយជាង ៨០គីឡូម៉ែត្រ នៅតំបន់ចំនួនពីរកន្លែង។

គួរជម្រាបថា រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិងកំពុងប្រឹងប្រែងទប់ស្កាត់ លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកក្នុង សហរដ្ឋអាមេរិក ដោយលោកធ្លាប់ទាំងបានគំរាម បិទព្រំដែនភាគខាងត្បូងចោលតែម្តងទៀតផង។ រីឯការសាងសង់ជញ្ជាំងព្រំដែនដ៏រឹងមាំ នៅបណ្តោយព្រំប្រទល់អាមេរិក-ម៉ិចស៊ីកូ គឺជាការសន្យាធំមួយរបស់លោក ត្រាំ។ លោក ត្រាំ បានប្រកាសភាពអាសន្នផ្នែកសន្តិសុខ ដើម្បីប្រមូលថវិកាពីបណ្តាស្ថាប័នរដ្ឋ ជាពិសេសស្ថាប័នយោធា បន្ទាប់ពីសភាបានបដិសេធម្តងហើយម្តងទៀត ចំពោះសំណើទាមទារលុយ ដើម្បីយកទៅសង់ជញ្ជាំងព្រំដែនរបស់លោក៕