(អង់ការ៉ាស់)៖ អ្នកទោសយ៉ាងហោចណាស់ចំនួន២៣នាក់ បានបាត់បង់ជីវិត ក្រោយពីអំពើហិង្សាបានផ្ទុះឡើង នៅក្នុងមន្ទីរឃុំឃាំង ក្នុងស្ថានីយប៉ូលិសមួយកន្លែង នៃប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នាព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើ ក៏បានបណ្តាលឲ្យមន្រ្តីប៉ូលិសយ៉ាងតិច១៤នាក់ រងរបួសផងដែរ ខណៈពុំទាន់មានការបញ្ជាក់ឲ្យដឹង ច្បាស់ នៅ ឡើយទេថា តើមូលហេតុអ្វី ដែលបានបង្កឲ្យឈានទៅដល់ ការផ្ទុះអំពើហិង្សាបែបនេះ។ មន្ទីរឃុំឃាំងនោះ ដែលស្ថិតនៅក្នុងទីក្រុង Acarigua ភាគពាយ័ព្យប្រទេសវេណេស៊ុយអេឡា បើតាមការរចនាឡើង គឺសម្រាប់តែផ្ទុកអ្នកទោស២៥០នាក់ប៉ុណ្ណោះ តែបច្ចុប្បន្ន ត្រូវគេអះអាងថា មានវត្តមានអ្នកទោសដល់ទៅ៥៤០នាក់។
គួរជម្រាបថា ប៉ុន្មានឆ្នាំកន្លងទៅ នេះ ករណីផ្ទុះអំពើហិង្សាក្នុងមន្ទីរឃុំឃាំងចំនួនច្រើនគួរសមបានកើតឡើង នៅវេណេស៊ុយអេឡា តួយ៉ាងកាលពីខែមីនា ឆ្នាំ២០១៨ អ្នកទោស៦៨នាក់បានស្លាប់ ដោយសារគ្រោះអគ្គីភ័យមួយនៅមន្ទីរឃុំឃាំងក្នុងប៉ុស្តិ៍ប៉ូលិស មួយ កន្លែង ខណៈកាលពី ខែសីហា ឆ្នាំ២០១៧ មនុស្សយ៉ាង៣៧នាក់បានបាត់បង់ជីវិត នៅពេលអំពើហិង្សាបានផ្ទុះឡើងក្នុងពន្ធនាគារ មួយកន្លែង នៅភាគ ខាងត្បូងប្រទេស៕