(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បាននិយាយថានឹងមិនចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរសាជាថ្មី ឡើយ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្លាស់ប្ដូរគោលជំហររបស់ខ្លួននាពេលបច្ចុប្បន្ន ចេញជាមុនទេនោះ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានផ្ទុះឡើង តាំងតែពីកិច្ចប្រជុំកំពូលរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ ទទួលបរាជ័យមកម្លេះ។ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែឡើងកម្ដៅ ក្រោយទីក្រុងវ៉ាស៊ីនតោន នៅក្នុងខែមេសានេះ បានប្រកាសថាខ្លួនបានរឹបអូសនាវាដឹកធ្យូងថ្មមួយគ្រឿងរបស់កូរ៉េខាងជើង។
បន្ថែមពីលើនេះ ការរឹបអូសនាវានេះទៀតសោត ត្រូវបានគេមើលឃើញថាគឺជាកត្តាជម្រុញឱ្យកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ កាលពីពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកប្រគល់នាវារបស់ខ្លួន ត្រឡប់មកវិញដោយគ្មានលក្ខខណ្ឌ ជាមួយការព្រមានដែរថាទីក្រុងព្យុងយ៉ាង នឹងមិនចុះញមឡើយចំពោះ ការទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន៕