Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងកំណត់ពីកាលបរិចេ្ឆទ ត្រូវលាលែងចេញពីតំណែង

24-05-2019 15:59

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថានឹង ប្រកាសពីកាលបរិច្ឆេទលាលែងពីតំណែង ខណៈលោកស្រីកំពុងរងសម្ពាធកាន់តែខ្លាំងជុំវិញការចាកចេញ ពីសហភាពអឺរ៉ុប ឬ Brexit។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។

លោកស្រី May នឹងត្រូវជួបជាមួយប្រធានគណៈកម្មាធិការអភិរក្សនិយម១៩២២ មុននឹងកំណត់ កាលបរិចេ្ឆទលាលែងចេញពីតំណែង ដើម្បីបើកផ្លូវឱ្យមានការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្តពីលោកស្រី។ ប៉ុន្តែ ទន្ទឹមគ្នាបើតាមមន្ត្រីអង់គ្លេសជាច្រើននាក់ លោកស្រី May អាចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន រហូតដល់អ្នកបន្តវេនថ្មីត្រូវបានជ្រើសរើស។

គួរបញ្ជាក់ថា ការប្រកួតប្រជែងជ្រើសរើសនាយករដ្ឋមន្ត្រីអង់គ្លេស អាចនឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅអង់គ្លេស។ លោកស្រី May បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅខែកក្កដា ឆ្នាំ២០១៦។ តែបច្ចុប្បន្ន លោកស្រី កំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែសភាទាត់ចោលកិច្ចព្រមព្រៀង Brexit របស់លោកស្រី ដែលបាន ធ្វើឱ្យ Brexit ត្រូវលើកពេលរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕