(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា បើតាមគំនិតលោក គឺវាមិនចាំបាច់នោះឡើយ ក្នុងការបញ្ជូនកងទ័ពថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ប្រទេសអ៊ីរ៉ង់ ខណៈក្រសួងការពារជាតិអាមេរិក មានផែនការចង់បង្កើនកម្លាំងទ័ព នៅក្នុងតំបន់នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំពិតជាមិនយល់ថា យើងត្រូវការបញ្ជូនកងទ័ពបន្ថែមនោះទេ និយាយទៅប្រសិនបើយើងត្រូវការទ័ពបន្ថែម ខ្ញុំច្បាស់ជានឹងបញ្ជូនទៅមិនខាន ក្នុងចំនួនប៉ុន្មានក៏បានដែរ ប៉ុន្តែខណៈនេះ គឺពួកយើងមិនត្រូវការឡើយ»។ លោក ត្រាំ ដែលកន្លងមកនេះ បានផ្តោតសំខាន់ លើការព្យាយាមកាត់បន្ថយចំនួនកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅជុំវិញពិភពលោកនោះ បានធ្វើការលើកឡើងខាងលើ មុនពេលលោកត្រូវទទួលជ្រាបពីផែនការថ្មី ស្តីពីការដាក់ពង្រាយទ័ពរបស់ ក្រសួងការពារជាតិអាមេរិក។
បើតាមរដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិអាមេរិក លោក Patrick Shanahan ក្រសួងការពារជាតិអាមេរិក កំពុងតែពិចារណាលើការបញ្ជូនកងទ័ពបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាមធ្យោបាយមួយសម្រាប់ផ្តល់ការការពារ ដល់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅទីនោះ ចំពោះមុខភាពតានតឹងជាមួយអ៊ីរ៉ង់។ ក៏ប៉ុន្តែ លោក Shanahan បានច្រាន់ចោលរបាយការណ៍របស់ បណ្តាប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានលើកឡើងពីតួលេខជាក់លាក់មួយចំនួន។
គួរជម្រាបថា មួយរយៈចុងក្រោយនេះ ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងកម្តៅខ្លាំង បន្ទាប់ពី សហរដ្ឋអាមេរិក បានចល័តសព្វាវុធមកមជ្ឈិមបូព៌ា ដើម្បីជាសារព្រមានដល់អ៊ីរ៉ង់ ដោយអះអាថា អ៊ីរ៉ង់អាចមានគម្រោងចង់វាយប្រហារលើកងទ័ពអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់៕