(តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានបង្កើតប្រវត្តិសាស្ត្រមួយតាមរយៈការរៀបចំអាពាហ៍ពិពាហ៍រវាង អ្នកស្រឡាញ់ភេទដូចគ្នា ដោយស្របច្បាប់ជាលើកដំបូងបំផុតនៅក្នុងតំបន់អាស៊ី ក្រោយការតស៊ូមតិទាម ទារសិទ្ធិ អស់រយៈពេលជា៣ទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
អាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសភាតៃវ៉ាន់ សម្រេចអនុម័តឱ្យពួកគេអាចរៀបការជាមួយនឹងគ្នាដោយស្របច្បាប់។ តាមរយៈច្បាប់ថ្មីនេះ អ្នកស្រឡាញ់ ភេទដូចគ្នាជាច្រើនគូបាននាំគ្នាធ្វើដំណើរទៅកាន់ការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិ ដើម្បីចុះបញ្ជី ទំនាក់ទំនងរបស់ពួកគេក្នុងនាមរៀបអាពាហ៍ពិពាហ៍។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរតៃវ៉ាន់ អ្នកស្រឡាញ់ភេទដូចគ្នាជាង៣០០គូ ត្រូវបានគេរំពឹងថានឹងចុះបញ្ជី រៀបអាពាហ៍ពិពាហ៍នឹងគ្នាជាប្ដីប្រពន្ធនៅថ្ងៃសុក្រនេះ៕