(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ពីបទល្មើសចំនួន១៧ករណីបន្ថែមទៀត ប្រឆាំង នឹងស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange ដែលកំពុងប្រឈមមុខនឹងការធ្វើបត្យាប័ន ចេញពីអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
យោងតាមក្រសួងយុត្តិធម៌អាមេរិក បទចោទទាំង១៧ករណីខាងលើ ក្នុងនោះរួមមានទាំងការចោទប្រកាន់ ថាលោក Assange ទទួល និងចុះផ្សាយដោយខុសច្បាប់នូវឈ្មោះជាច្រើនពីឯកសារសំងាត់ជាតិ។ ម្យ៉ាងវិញទៀត ការចោទប្រកាន់នេះទៀតសោត កើតមានឡើងបន្ទាប់ពីស្ថាបនិករូបនេះត្រូវបាន សហរដ្ឋអាមេរិក ចោទប្រកាន់កាលពីខែមេសាកន្លងទៅ ពីបទសមគំនិតជាមួយអតីតមន្ត្រីវិភាគព័ត៌មាន សំងាត់អាមេរិក ឈ្មោះ Chelsea Manning ក្នុងគោលបំណងចូលទៅកាន់បណ្ដាញ របស់មន្ទីរបញ្ចកោណ។
គួរជម្រាបថា លោក Julian Assange មានអាយុ៤៧ឆ្នាំ ត្រូវបានប៉ូលិសអង់គ្លេសចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា ចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ ជាទីដែលលោកបានជ្រកកោនចាប់តាំងពីឆ្នាំ ២០១២មក។ បច្ចុប្បន្ន លោកកំពុងជាប់ឃុំនៅអង់គ្លេសរយៈពេល៥០សប្ដាហ៍ ពីបទមិនព្រមប្រគល់ខ្លួន ឱ្យអាជ្ញាធរ៕