(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់សហរដ្ឋអាមេរិក ថាកំពុងចង់បំផ្លាញកម្មវិធីជំនួយស្បៀងអាហារ (CLAP) ដែលអាចផ្គត់ផ្គង់ដល់ប្រជាជនវេណេស៊ុយអេឡា ៦លានគ្រួសារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងជាការ ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ជាច្រើនដែលថា សហរដ្ឋអាមេរិកកំពុងរៀបចំដាក់ទណ្ឌកម្មលើមន្ត្រី វេណេស៊ុយអេឡាដែលចង់ប្រើប្រាស់កម្មវិធីផ្ដល់ជំនួយស្បៀងអាហារលាងលុយឱ្យលោក ម៉ាឌូរ៉ូ។
ថ្លែងនាឱកាសនោះ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ទណ្ឌកម្ម ដើម្បីបំផ្លាញកម្មវិធីជំនួយស្បៀងអាហាររបស់រដ្ឋាភិបាលវេណេស៊ុយអេឡា ...ប៉ុន្តែយើងនឹងបន្តធ្វើការងារជាមួយអ្នកផ្គត់ផ្គង់នៅក្នុងតំបន់ និងដៃគូដទៃទៀត»។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកជាច្រើននាក់ ទណ្ឌកម្មប្រឆាំងនឹងកម្មវិធីស្បៀងអាហារ ឬហៅថា CLAP អាចនឹងចូលជាធរមាននៅក្នុងរយៈពេល៩០ថ្ងៃខាងមុខនេះ៕