(អ៊ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាន បានធ្វើការបាញ់សាកល្បងដោយជោគជ័យនូវ គ្រាប់មីស៊ីលផ្លោងរបស់ខ្លួនហៅថា Shaheen-II ដែលអាចបំពាក់ក្បាលគ្រាប់ធម្មតា ឬក្បាលគ្រាប់នុយក្លេអ៊ែរបាន ហើយមានសមត្ថភាពហោះបានចម្ងាយ១,៥០០គីឡូម៉ែត្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
បើតាមស្ថាប័នព័ត៌មានរបស់យោធាប៉ាគីស្ថាន ISPR បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះ ការធ្វើតេស្តសព្វាវុធខាងលើ មានគោលដៅ ដើម្បីធានានូវសមត្ថភាពត្រៀមលក្ខណៈធ្វើប្រតិបត្តិការ នៃកងកម្លាំងទទួលខុសត្រូវផ្នែកអាវុធនុយក្លេអ៊ែរ របស់ប្រទេសប៉ាគីស្ថាន។ គ្រាប់មីស៊ីល Shaheen-II ដែលគេបាញ់សាកល្បងនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់។
គួរជម្រាបថា ការធ្វើតេស្តមីស៊ីលផ្លោងរបស់ប៉ាគីស្ថាន បានកើតមានឡើង បន្ទាប់ពីឥណ្ឌាទើបតែបាន ធ្វើតេស្តមីស៊ីលប្រដេញ BrahMos និងក្រោយពីរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក Shah Mehmud Qureshi ទើបតែបានជួបពិភាក្សាក្រៅផ្លូវការជាមួយ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj ដែលវាគឺជាជំនួបលើកដំបូងបំផុតរវាងភាគីទាំងពីរ គិតចាប់តាំងតែពី ការផ្ទុះ ភាពតានយ៉ាងក្តៅគគុក នៅឯតំបន់ជម្លោះកាស្មៀរ កាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ៕