(បរទេស)៖ នៅក្នុងបរិយាកាសភពអង្គារមានប្រហោងមួយ ដែលតែងតែបើកចំហ ជារៀងរាល់ ០២ឆ្នាំម្តង ហើយបញ្ចេញចំហាយទឹកមួយចំនួនទៅ ក្នុងទីអវកាស និងខ្លះទៀតទៅកាន់តំបន់ប៉ូលទាំងពីររបស់វា។ អ្នកវិទ្យាសាស្រ្តនៅលើផែនដីអាច មើលឃើញថា មានចំហាយទឹកស្ថិតក្នុងបរិយាកាសរបស់ភពអង្គារ ហើយ ចំហាយទឹកនោះកំពុងតែរសាត់ទៅតំបន់ប៉ូលរបស់វា។ ប៉ុន្តែមកទល់ពេលនេះ ពុំមានការបកស្រាយល្អណាមួយ ដែលអាចបញ្ជាក់ថា វដ្តន៍នៃចំណាយទឹកភពអង្គារ ដំណើរការដោយរបៀបណា ឬក៏ហេតុអ្វី ដែលបានជាភពធ្លាប់សម្បូរដោយធនធានទឹកនេះ ឥឡូវប្រែជាមកជាស្ងួតហែងបែបនេះឡើយ។
ការដែលវត្តមានចំហាយទឹកនៅកម្ពស់ខ្ពស់ពីលើភពអង្គារ ជារឿងគួរឲ្យងឿងឆ្ងល់មួយបែបនេះ គឺដោយសារភពអង្គារមានស្រទាប់ កណ្តាលមួយនៃបរិយាកាសរបស់វា ដែលគួរតែរារាំងមិនឲ្យវដ្តចំហាយទឹកនេះ កើតមានឡើងបានឡើយ។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ស្រទាប់កណ្តាលនៃបរិយាកាសរបស់ភពអង្គារ មានសីតុណ្ហភាពត្រជាក់ខ្លាំង ដែលមិនអំណាយផលសម្រាប់ចំហាយទឹកនោះទេ។ ដូច្នេះតើហេតុអ្វី ដែលបានទឹកអាចឆ្លងស្រទាប់កណ្តាលនោះបាន?
យោងតាមការសិក្សាពិសោធន៍ថ្មីៗនេះ តាមប្រព័ន្ធកុំព្យូទ័រ គឺវាអាចបណ្តាលមកពីដំណើរការបរិយាកាសចំនួន ០២ ដែលមានតែនៅលើ ភពអង្គារប៉ុណ្ណោះ។ នៅលើផែនដីយើង រដូវក្តៅនៅអឌ្ឍគោលខាងជើង និងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង គឺស្រដៀងគ្នាខ្លាំង ។ តែវាមិនយ៉ាងដូច្នោះឡើយនៅលើភពអង្គារ។ ពីព្រោះតែគន្លងរបស់វា មានលក្ខណៈចម្លែកខ្លាំងជាងផែនដី ភពអង្គារស្ថិតនៅជិតព្រះអាទិត្យខ្លាំង ក្នុងអំឡុងរដូវក្តៅនៅអឌ្ឍគោលខាងត្បូង ដូច្នេះហើយរដូវក្តៅនៅតំបន់នោះ គឺមានសីតុណ្ហភាពក្តៅខ្លាំងឆ្ងាយជាង រដូវក្តៅនៅអឌ្ឍគោលខាងជើងរបស់វា។
នៅពេលករណីខាងលើកើតឡើង គឺជារៀងរាល់ ០២ឆ្នាំម្តងនៅលើផែនដី ច្រកទ្វារមួយនឹងបើកនៅស្រទាប់កណ្តាល នៃបរិយាកាសរបស់ភពអង្គារ នៅរយៈកម្ពស់ចន្លោះពី ៦០ ទៅ ៩០គីឡូម៉ែត្រ ដែលជាហេតុអាចឲ្យចំហាយទឹក ឆ្លងកាត់ផុតទៅដល់ស្រទាប់ខាងលើ នៃបរិយាកាសបាន។
ក្រៅពីនេះ ភពអង្គារក៏ខុសប្លែកពីភពផែនដីត្រង់ថា វាទទួលរងព្យុះធូលីធំៗជារឿយៗផងដែរ។ ព្យុះទាំងនោះបានរាំងខ្ទប់មិនឲ្យពន្លឺ ព្រះអាទិត្យជ្រៀតចូលក្នុងផ្ទៃភពអង្គារឡើយ ដោយផ្ទុយទៅវិញពន្លឺត្រូវជាប់នៅត្រឹមបរិយាកាសរបស់វា ហើយធ្វើឲ្យស្រទាប់បរិយា កាសកើនកម្តៅ ដែលបង្កើតលក្ខខណ្ឌយ៉ាងប្រសើរ សម្រាប់ឲ្យចំហាយទឹកឆ្លងកាត់ស្រទាប់កណ្តាល នៃបរិយាកាសភពអង្គារ។
អ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលចំហាយទឹកទាំងនោះ ឆ្លងផុតស្រទាបកណ្តាលរបស់បរិយាកាស រឿង០២នឹងកើតឡើង។ ទីមួយគឺចំហាយទឹកខ្លះ នឹងរសាត់ទៅប៉ូលខាងជើង និងខាងត្បូងរបស់ភពអង្គារ ក៏ប៉ុន្តែកាំរស្មើស្វាយអ៊ុលត្រា (UV) របស់ព្រះអាទិត្យ នៅស្រទាប់បរិយាកាសផ្នែកខាងលើ ក៏អាចញែកអុកស៊ីសែន និងអ៊ីដ្រូសែន នៅក្នុងម៉ូលេគុលនៃចំហាយទឹកទាំងនោះផងដែរ ដែល ជាហេតុធ្វើឲ្យអ៊ីដ្រូសែនរសាត់ទៅក្នុងទីអវកាស ដោយនៅសល់តែអុកស៊ីសែនប៉ុណ្ណោះ។
គួរជម្រាបថា បាតុភូតនេះក៏ប្រហែលជាផ្នែកមួយនៃដំណើររឿងដែលថា ភពអង្គារបានប្រែក្លាយពីដែនដី ដែលធ្លាប់តែសម្បូរដោយសំណើម មកជាភពក្រហមដែលពុំមានប្រភពទឹក នៅលើផ្ទៃរបស់វាដូចសព្វថ្ងៃ៕
ប្រភព៖ វែបសាយ Space (ដកស្រង់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩)