(អឺរ៉ុប)៖ ការិយាល័យបោះឆ្នោតនានា ចាប់បើកទ្វារជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងប្រទេសហូឡង់ និងចក្រភពអង់គ្លេស ដើម្បីឱ្យអ្នកបោះឆ្នោតជ្រើសរើស​សមាជិកសភាអឺរ៉ុប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃអាទិត្យ នៅទូទាំងប្រទេសចំនួន ២៨ ដែលជាសមាជិកសភាអឺរ៉ុប ហើយការបោះឆ្នោតនេះទៀតសោតនៅក្នុងប្រទេសហូងឡង់ ត្រូវបានគេយកទុកដាក់ជាងគេ ពីព្រោះប្រទេសមួយនេះសម្បូរទៅដោយអ្នកនយោបាយ ដែលមាននិន្នាការប្រឆាំងសហភាពអឺរ៉ុប និងជនអន្តោប្រវេសន៍។

គួរជម្រាបថា ប្រជាជននៅទូទាំងទ្វីបអឺរ៉ុប នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៧៥១រូប ប៉ុន្តែចំនួននេះនឹងត្រូវបានកាត់បន្ថយមកនៅត្រឹម ៧០៥រូប នៅពេលដែលចក្រភពអង់គ្លេស​ចាកចេញពីសហភាពអឺរ៉ុប។ អង់គ្លេសមានសមាជិកសភា ៧៣រូបនៅសភាអឺរ៉ុប ហើយអ្នកទាំងនេះនឹងបាត់បង់ការងារនៅពេលប្រទេសរបស់ ពួកគេលែងលះជាមួយសហភាពអឺរ៉ុបជាផ្លូវការ។

ចំណែកឯ លទ្ធផលបោះឆ្នោតនឹងមិនត្រូវបានប្រកាសជាផ្លូវការឡើយ រហូតដល់យប់ថ្ងៃអាទិត្យ ប៉ុន្តែទូរទស្សន៍រដ្ឋហូឡង់ NOS នឹងផ្សាយលទ្ធផលបណ្ដោះអាសន្ន បន្ទាប់ពីការរិយាល័យបោះឆ្នោត បិទនៅយប់ថ្ងៃព្រហស្បតិ៍នេះ៕