(វ៉ាស៊ីនតោន)៖ នៅថ្ងៃពុធសប្តាហ៍នេះយោធាអាមេរិកបានបញ្ជូននាវា ០២គ្រឿង ជាថ្មីម្តងទៀតឲ្យឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ខណៈទង្វើនេះអាចត្រូវតៃវ៉ាន់មើលឃើញថា ជាការគាំទ្រមួយសម្រាប់ខ្លួន តែសម្រាប់ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ចិននោះ ច្បាស់ជានឹងចេញមុខរិះគន់ និងថ្កោលទោសទង្វើអាមេរិកនេះមិនខានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
អ្នកនាំពាក្យម្នាក់របស់យោធាជើងទឹកអាមេរិកគឺលោក ក្លេយ ដូស (Clay Doss) បានឲ្យដឹងថា ការចល័តនាវាខាងលើឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាការស្តែងឲ្យឃើញនូវ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើនាវាចរដោយសេរី និងបើកចំហនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវាបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈត្រឹមត្រូវ។ នាវាយោធាទាំងពីរគ្រឿង គឺជានាវាពិឃាត ប្រេប៊ល (Preble) និងនាវាស្តុកប្រេង វ៉ាធើ ឌីល (Walter S. Diehl)។
គួរជម្រាបថា កាលពីមីនា និងមេសាកន្លងទៅ អាមេរិកក៏ធ្លាប់បានបញ្ជូន នាវាយោធាជាបន្តបន្ទាប់ ឲ្យទៅឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ក្រៅពីនេះ កងទ័ពជើងទឹកអាមេរិក ក៏បានបន្តធ្វើប្រតិបត្តិការសេរីភាពនៃនាវាចរ នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទថែមទៀតផង ដោយទង្វើទាំងអស់នេះ ត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា ជាការរករឿងបង្កហេតុ៕