(ម៉ូស្គូ)៖ វីដេអូមួយដែលត្រូវបានគេបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាពេលថ្មីៗនេះបានបង្ហាញថា យានយន្ដធន់ធ្ងរអ៊ីរ៉ង់ជាច្រើនគ្រឿង បានដឹកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 និងបរិក្ខាយោធាដទៃ ទៀតទៅកាន់ទីក្រុងឆ្នេរ Asaluyeh នៃខេត្ត Bushehr ដែលស្ថិតនៅតាមបណ្ដោយឈូងសមុទ្រពែក្ស។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
ប៉ុន្តែ ទន្ទឹមគ្នាខាងយោធាអ៊ីរ៉ង់ មិនទាន់ទទួលស្គាល់ ឬបដិសេធការដាក់ពង្រាយមីស៊ីល S-300 នៅឡើយទេ ខណៈវីដេអូខាងលើត្រូវបានចេញផ្សាយ នៅចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងគំរាមកំហែង វាយប្រហារដាក់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ផ្ទុះឡើងខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោនបញ្ជូននាវា ផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln និងកងយន្ដហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់ តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ការវាយប្រហាររបស់អ៊ីរ៉ង់លើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ មជ្ឈិមបូព៌ា៕