កូរ៉េខាងត្បូង យល់ព្រមដឹកសំរាមដែលខ្លួនយកមកចាក់ចោលនៅហ្វីលីពីន ត្រឡប់ទៅវិញ
22-05-2019 17:10
(ម៉ានីល)៖ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន នៅថ្ងៃពុធនេះបានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្ដេជ្ញាចិត្តយកសំរាម ជាង៥,១៧៦តោន ដែលខ្លួនយកមកចាក់ចោលនៅឯខេត្ត Misamis Oriental នៃភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
យោងតាមក្រសួងហិរញ្ញវត្ថុហ្វីលីពីន សំរាមរាប់តោនខាងលើក្នុងនោះមានទាំងប្លាស្ទិច ត្រូវបានដឹកពីកូរ៉េខាងត្បូង មកកាន់ខេត្ត Misamis Oriental ដោយក្រុមហ៊ុនមួយមានមូលដ្ឋាននៅក្នុងទីក្រុង Cebu ប្រទេសហ្វីលីពីន កាលពី ខែកក្កដា និងខែតុលា ឆ្នាំ២០១៨។ សំរាមទាំងនេះបច្ចុប្បន្នកំពុងស្ដុកនៅរោងចក្រ PHIVIDEC នៃខេត្ត Misamis Oriental។
គួរបញ្ជាក់ថា បច្ចុប្បន្ន ហ្វីលីពីនក៏កំពុងមានបញ្ហាសំរាមជាមួយកាណាដា ផងដែរ ហើយដោយសារតែរឿងនេះ ទីក្រុងម៉ានីល បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំកាណាដា មកស្រុកវិញ រហូតដល់រដ្ឋាភិបាលទីក្រុង Ottawa យល់ព្រមយកសំរាមដែលខ្លួនដឹកមកចាក់ចោលនៅហ្វីលីពីន ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ត្រឡប់ទៅវិញ៕