(ហ្សាការតា)៖ ដោយសារតែបាតុកម្មហិង្សា បានផ្ទុះឡើងយ៉ាងកក្រើក ប្រឆាំងនឹងលទ្ធផលផ្លូវការនៃការបោះឆ្នោតនៅឥណ្ឌូណេស៊ី ស្ថានទូត ព្រមទាំងក្រុមហ៊ុន កន្លែងរកស៊ី និងស្ថានីយមធ្យោបាយធ្វើដំណើរសាធារណៈជាច្រើន ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន នាថ្ងៃ​ពុធនេះ ក្នុងរដ្ឋធានីហ្សាការតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Euronews នៅល្ងាចថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

បាតុកម្មនេះបានកើតឡើងកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo គឺពិតជាអ្នកដែលទទួលជ័យជម្នះ។ ប៉ុន្តែ គូប្រជែងរបស់លោក គឺលោក Prabowo Subianto បានប្រកាសមិនទទួលស្គាល់លទ្ធផលនេះឡើយ និងបានគំរាមប្តឹងទៅតុលាការ​ធម្មនុញ្ញថែមទៀត។

គួរជម្រាបថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស០៦នាក់បានបាត់បង់ជីវិត និងជាង២០០នាក់បានរងរបួស ហើយប្រមាណជា​២០នាក់ទៀត ត្រូវបានឃាត់ខ្លួន ក្នុងការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។ ក្នុងអំឡុងការធ្វើបាតុកម្ម ដែលបាន​​ផ្ទុះជាអំពើហិង្សាយ៉ាងកក្រើក កាលពីយប់ថ្ងៃអង្គារម្សិលមិញ រហូតមកទល់ថ្ងៃពុធនេះ ក្រុមអ្នកតវ៉ា ដែលជាអ្នកគាំទ្រលោក Prabowo បានបង្កភាពចលាចល តាមរយៈការដុតបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ និងចោលរបស់របរដូចជាដបសាំង និងដុំថ្មជាដើម មកលើអាជ្ញាធរ ដែលជាហេតុបង្ខំឲ្យមានការបង្រ្កាប​ តាមរយៈការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកជាដើម។ យ៉ាងណាមិញ ក៏មានការចោទប្រកាន់ផងដែរថា មានការប្រើ​ប្រាស់គ្រាប់កាំភ្លើងពិតពីខាងប៉ូលិស៕