(ហ្សាការតា)៖ អភិបាលក្រុងហ្សាការតា លោក Anies Baswedan បានឲ្យដឹងថា មនុស្សចំនួន០៦នាក់ បានបាត់បង់ជីវិត និងជាង ២០០នាក់ បានទទួលរងរបួស នៅក្នុងការធ្វើបាតុកម្មដោយហិង្សា ដែលបានកើតឡើង ក្រោយការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតនៅប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
អ្នកនាំពាក្យស្នងការប៉ូលិសឥណ្ឌូណេស៊ី លោក Dedi Prasetyo បាននិយាយថា បាតុកម្មខាងលើ ដែលធ្វើឡើងដោយក្រុមអ្នក គាំទ្របេក្ខភាពប្រធានាធិបតី លោក Prabowo Subianto ដែលចាញ់ឆ្នោត បានផ្ទុះជាអំពើហិង្សា កាលពីយប់ថ្ងៃអង្គារម្សិលមិញ ដែលជាហេតុតម្រូវឲ្យកងកម្លាំងសន្តិសុខឥណ្ឌូណេស៊ី ធ្វើការបង្រ្កាបយ៉ាងតឹងរ៉ឹង តាមរយៈការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង កាណុងបាញ់ទឹកជាដើម។ បើតាម លោក Baswedan មនុស្ស០៦នាក់បានបាត់បង់ជីវិត និងជាង២០០នាក់របួស ខណៈខាង មន្ទីរពេទ្យ កំពុងធ្វើកោសលវិច្ច័យ ដើម្បីកំណត់មូលហេតុនៃការស្លាប់។
គួរជម្រាបថា នៅថ្ងៃអង្គារសប្តាហ៍នេះ គណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ី បានប្រកាសលទ្ធផលផ្លូវការ ដែលបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ពិតជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៩។ ក៏ប៉ុន្តែ លោក Prabowo មិនទទួលស្គាល់លទ្ធផលផ្លូវការនេះឡើយ ព្រោះលោកអះអាងថា ការរាប់សំឡេងឆ្នោតមានការបន្លំ និងបានបញ្ជាក់ថា លោកនឹងប្តឹងផ្តល់ឡើងទៅតុលាការធម្មនុញ្ញថែមទៀត។ កាលពីឆ្នាំ២០១៤ លោក Prabowo ក៏ធ្លាប់ប្តឹងតវ៉ាទៅកាន់តុលាការ ក្រោយចាញ់ឆ្នោត លោក Widodo បែបនេះដែរ៕