(ឡាហាវ៉ាន់)៖ រដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) នៅតែបន្តទទូចឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុង នៃប្រទេសរបស់លោកទៀតទៅ ហើយលោកបានស្នើឲ្យប្រទេសទាំងពីរអាមេរិក និងវេណេស៊ុយអេឡា ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈផ្លូវការទូត ឬដោយសន្តិវិធី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។

ក្នុងកំឡុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សានយោបាយនៃសម្ព័ន្ធបូលីវ៉ាន់ ដើម្បីប្រជាជនទ្វីបអាមេរិក ហៅកាត់ ALBA ដែលប្រព្រឹត្តទៅនៅទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា លោក Arreaza បានបញ្ជាក់ជាថ្មីថា ប្រទេសវេណេស៊ុយអេឡានឹងគ្មានថ្ងៃអាចទទួលភាពស្ងប់សុខបានឡើយ បើនៅតែមានការតាមយាយីគំរាមកំហែង ពីរដ្ឋាភិបាលអាមេរិក។

លោកប្រមុខការទូតវេណេស៊ុយអេឡា បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មធ្យោបាយការទូត បើកកិច្ចសន្ទនាចរចា និងមានការយោគយល់ ក៏ដូចជាគោរពគ្នាទៅវិញទៅមក ហើយបញ្ចប់ការគំរាមកំហែងប្រើកម្លាំងយោធា ព្រមទាំងការរាំងខ្ទប់សេដ្ឋកិច្ច និងបញ្ឈប់ភាពក្រអឺតក្រទមរបស់ខ្លួន។

ទន្ទឹមគ្នានេះ លោក Arreaza បានអរគុណដល់ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងប្រជាជាតិនៅតំបន់ការីបៀន សម្រាប់ការផ្តួចផ្តើមកិច្ចចរចារវាង រដ្ឋាភិបាលវេណេស៊ុយអេឡា និងក្រុមបក្សប្រឆាំង។ ក្នុងអំឡុងកិច្ចប្រជុំខាងលើ ប្រទេសមួយចំនួនរួមមានគុយបា បូឡាវី អែលសាវ៉ាឌ័រ នីការ៉ាហ្គ័រ និងស៊ូរីណាមេ ក៏បានសម្តែងការប្រឆាំងរបស់ពួកគេ ចំពោះការចូលលូកដៃពីបរទេសនៅក្នុងប្រទេស វេណេស៊ុយអេឡាផងដែរ និងបានស្នើឲ្យមានការដោះស្រាយវិបត្តិនយោបាយ តាមរយៈកិច្ចចរចា។

គួរជម្រាបថា អង្គការ ALBA ដែលត្រូវបានបង្កើតឡើងដំបូងដោយប្រទេសគុយបា និងវេណេស៊ុយអេឡា កាលពីឆ្នាំ២០០៤ មានគោលដៅកាត់បន្ថយការពឹងផ្អែក របស់ក្រុមប្រទេសនៅអាមេរិកឡាទីន លើជំនួយពីលោកខាងលិច តាមរយៈការលើកកម្ពស់ សម្ព័ន្ធ ភាពក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕