(ញូយ៉ក)៖ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានព្រមានសហរដ្ឋអាមេរិកថាការរឹបអូសនាវា ដឹកជញ្ជូនរបស់ទីក្រុងព្យុងយ៉ាងអាចនឹងបំផ្លាញដល់អនាគតនៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN លោក Kim Song ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដ៏កម្រមួយនៅឯអង្គការសហប្រជាជាតិនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Kim Song បានលើកឡើងដូច្នេះថា៖ «សហរដ្ឋអាមេរិកគួរតែមានឆន្ទៈ និងពិចារណាពីផលប៉ះពាល់ដែលអាចបំផ្លាញដល់ទំនាក់ ទំនងជាមួយកូរ៉េខាងជើង...ដូច្នេះទីក្រុងវ៉ាស៊ីនតោនត្រូវតែប្រគល់នាវាដឹកជញ្ជូនដែលខ្លួនរឹបអូសឱ្យទីក្រុងព្យុងយ៉ាង វិញ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃទី៩ ខែឧសភា បានប្រកាសខ្លួនបានរឹបអូសនាវាដឹកជញ្ជូនកូរ៉េខាងជើងមួយ គ្រឿងឈ្មោះ Wise Honest ដោយចោទថានាវានេះត្រូវបានប្រើប្រាស់ដើម្បីនាំចេញធ្យូថ្មរបស់កូរ៉េខាងជើង ដែលជា ទង្វើរំលោភលើទណ្ឌកម្មអន្តរជាតិ។ ប៉ុន្តែ ទន្ទឹមគ្នានឹងការប្រកាសនេះដែរ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល រយៈចំងាយខ្លីចំនួន២គ្រាប់ ស្របពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកំពុងឡើងកម្ដៅឡើងវិញ៕