(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសនេះនឹងបញ្ជូនក្រុមអ្នកតំណាងទៅកាន់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកព្រមៗគ្នាតែម្តង ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលអាចនឹងផ្ទុះសង្គ្រាម ឡើងគ្រប់ពេលវេលានៅក្នុងតំបន់មជ្ឈិបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅថ្ងៃអង្គារ នេះ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានថ្លែងយ៉ាងដូច្នេះថា «អ៊ីរ៉ាក់មានក្រុមទំនាក់ទំនងកម្រិតខ្ពស់មួយ ជាមួយភាគីជម្លោះទាំងអស់ ហើយយើងនឹងជម្រុញឲ្យពួកគេបន្ថយភាពតានតឹង ប៉ុន្តែយើងមិនព្យាយាមធ្វើជាអាជ្ញាកណ្តាល នោះឡើយ...។ ទាំងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ សុទ្ធតែធានាអះអាងចំពោះយើងរួចហើយថា ពួកគេគ្មានចេតនាប្រយុទ្ធគ្នាក្នុងសង្គ្រាមនោះឡើយ...»។
គួរបញ្ជាក់ថា ការលើកឡើងរបស់មេដឹកនាំអ៊ីរ៉ាក់ ដែលជាប្រទេសទើបបានស្ងប់ស្ងាត់ពីសង្គ្រាម បង្ហូរឈាមគ្នាតែបន្តិចក្រោយការឈ្លានពានរបស់អាមេរិក ដើម្បីផ្តួលរលំរបបដឹកនាំ សាដដាម ហូស្សេន កាលពីឆ្នាំ២០០៣នោះ ហាក់បង្ហាញអំពីការព្រួយបារម្ភខ្លាំង ខណៈភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់បានឈានដល់ចំណុចកំពូលមិនធ្លាប់មាន នារយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយអ្នកជំនាញខ្លះក៏ធ្លាប់បានលើកឡើងផងដែរថា អ៊ីរ៉ាក់នឹងក្លាយជាទឹកដីប្រមូលផ្តុំទ័ពអាមេរិក ដើម្បីវាយសម្រុកលើអ៊ីរ៉ង់ បើសិនជាសង្គ្រាមផ្ទុះឡើងពិតមែន៕