(ហ្សាការតា)៖ បេក្ខភាពប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសមិនទទួលស្គាល់ លទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលបានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន គឺ លោក Joko Widodo បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី០២ នោះឡើយ ហើយលោកនឹងដាក់ពាក្យបណ្តឹងតវ៉ាឡើងទៅតុលាការធម្មនុញ្ញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
លោក Prabowo បានបញ្ជាក់ថា មូលហេតុដែលលោកពុំទទួលស្គាល់លទ្ធផលឆ្នោត ពីព្រោះការរាប់សំឡេងឆ្នោត ត្រូវបានធ្វើឡើងដោយការបន្លំបោកប្រាស់។ នាថ្ងៃអង្គារនេះ យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ី លោក Widodo គឺជាអ្នកដែលទទួលបានជ័យជម្នះ ដូចទៅនឹងលទ្ធផលបឋម បានមកពីការរាប់សន្លឹកឆ្នោតភ្លាមៗ ក្រោយការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។
គួរជម្រាបថា បើតាមលទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ ខណៈ លោក Prabowo ទទួលបានត្រឹម៤៤.៥ភាគរយ។ កាលពីឆ្នាំ២០១៤ លោក Prabowo ក៏ធ្លាប់ប្តឹងតវ៉ាទៅកាន់តុលាការ ក្រោយចាញ់ឆ្នោត លោក Widodo បែបនេះដែរ៕