(កៀវ)៖ រដ្ឋមន្រ្តីថាមពលអាមេរិក លោក Rick Perry បាននិយាយថា ការដាក់ទណ្ឌកម្មលើក្រុមហ៊ុនទាំងឡាយ ដែលមានពាក់ព័ន្ធ ក្នុងគម្រោងកសាងបណ្តាញផ្គត់ផ្គង់ឧស្ម័នធម្មជាតិ Nord Stream 2 រវាងប្រទេសរុស្ស៊ីនិងអឺរ៉ុប នឹងចេញមកនាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការអញ្ជើញមកទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ លោក Volodymyr Zelensky ដែលទើបតែបានឡើងជាប្រធានាធិបតីថ្មី របស់ប្រទេសអ៊ុយក្រែន។ លោក Perry បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក នៅតែប្រកាន់ខ្ជាប់នូវជំហរប្រឆាំងដាច់ខាតចំពោះគម្រោង Nord Stream 2 ដែលមិនយូរទៀតនោះឡើយ ទណ្ឌកម្មនឹងត្រូវដាក់ចេញពាក់ព័ន្ធនឹងគម្រោងនេះ»។
គួរជម្រាបថា គម្រោង Nord Stream 2 បានស្ថិតក្រោមការរិះគន់ និងជំទាស់យ៉ាងដាច់អហង្ការពីសំណាក់ សហរដ្ឋអាមេរិកក៏ដូចជា ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត ព្រមទាំងនៅសមុទ្រ Baltic និង Nordic ដែលមានការព្រួយបារម្ភថា បណ្តាញផ្គត់ផ្គង់ឧស្ម័ននេះ នឹងបង្កើនការពឹងផ្អែករបស់សហភាពអឺរ៉ុប ទៅលើធនធានឧស្ម័នរបស់រុស្ស៊ី៕