(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសឲ្យដឹងថា លទ្ធផលទាំងឡាយក្រោយការពិនិត្យពិច្ច័យ ទៅលើផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានបង្ហាញថា ក្រុមហ៊ុនចិនមួយនេះគឺ «ស្អាតស្អំ»។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លូ កាង បានបញ្ជាក់ដូចខាងលើនេះ ជាការឆ្លើយបត ទៅនឹងរបាយការណ៍ទាំងឡាយ ដែលត្រូវបានប្រើប្រាស់ពេលរាប់ឆ្នាំក្នុងការពិនិត្យពិច្ច័យ ដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) តែម្តង ហើយក្នុងនោះគឺក្រុមជំនាញ ពុំបានរកឃើញភាពមិនប្រក្រតី ឬកម្មវិធីស៊ើបការណ៍សម្ងាត់ «Backdoors» នៅក្នុងផលិតផល ទាំងឡាយរបស់ Huawei នោះឡើយ ខណៈផលិតផលផលិតដោយ Cisco របស់សហរដ្ឋអាមេរិកទៅវិញទេ ដែលត្រូវគេបានរកឃើញថាមាន backdoor ចំនួន ២០ករណីចាប់តាំងពីឆ្នាំ២០១៣មក។
លោក លូ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឃើញអាមេរិកបកស្រាយ អំពីការរកឃើញនេះ...។ ចាប់តាំងពីការបែកធ្លាយអំពី Prism gate (កម្មវិធីស៊ើបការណ៍សម្ងាត់អាមេរិកលើគេឯង) នោះមក សហរដ្ឋអាមេរិកនៅតែរក្សាភាពស្ងប់ស្ងាត់ ចំពោះភស្តុតាងនានាដែលត្រូវបានរកឃើញថា អាមេរិកពិតជាបានប្រព្រឹត្តទង្វើខុសច្បាប់ តាមរយៈការ វាយប្រហារផ្នែកព័ត៌មានវិទ្យា និងចោរកម្មនោះ»។
ជាចុងក្រោយលោក លូ បានសង្កត់ធ្ងន់ថា «លទ្ធផលពិនិត្យពិច្ច័យដោយអឺរ៉ុប បានបង្ហាញយ៉ាងច្បាស់ថា Huawei ស្អាតស្អំ ហើយបានឆ្លុះបញ្ចាំងផងដែរថា សហរដ្ឋអាមេរិកដែលកំពុងបង្ក្រាបក្រុមហ៊ុនប្រទេសដទៃ ជាមួយនឹងអំណាចរដ្ឋខ្លួន ឯងនោះ គឺជាទង្វើដែលមិនត្រឹមត្រូវ...»៕