(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ចិនមានគោលដៅចង់ក្លាយជាកំពូលមហាអំណាច នៅលើពិភពលោក ក៏ប៉ុន្តែរឿងនេះមិនអាចទៅរួចបានឡើយ ដរាបណាលោកនៅជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បាននិយាយថា មុនពេលលោកឡើងកាន់អំណាច សេដ្ឋកិច្ចចិនស្ទើរតែតាមទាន់អាមេរិក ហើយនឹងអាចវ៉ាអាមេរិកថែមទៀត។ ពោលគឺបើលោកស្រី ហ៊ីលឡារី គ្លីតុន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ វិញនោះ សេដ្ឋកិច្ចចិនប្រហែលជារីកធំហួសសហរដ្ឋអាមេរិកឆ្ងាយបាត់ទៅហើយ នៅចុងអាណត្តិរបស់លោកស្រី ប៉ុន្តែឥឡូវនេះ វាមិនបានកៀកនឹងសេដ្ឋកិច្ចរបស់អាមេរិកផង ព្រោះតែមានរូបលោក នៅក្នុងសេតវិមាន។
លោក ត្រាំ បានថ្លែងបែបនេះ ចំពេលដែលប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមពាណិជ្ជកម្ម ដែលបានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១៨ ខណៈកិច្ចចរចាជុំចុងក្រោយគេ ទើបតែបានបញ្ចប់ទៅនៅទីក្រុងវ៉ាស៊ីនតោន ដោយមិនទទួលបានលទ្ធផលអ្វី ហើយសេតវិមាន បានសម្រេចអនុវត្តន៍ការដំឡើងពន្ធលើ ទំនិញចិនទំហំ២០០ពាន់លានដុល្លារ រីឯទីក្រុងប៉េកាំងវិញក៏បានប្រកាសថា នឹងដំឡើងពន្ធលើទំនិញអាមេរិកទំហំ៦០ពាន់លានដុល្លារ។
កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារដែរថា ទីក្រុងប៉េកាំងកំពុងស្រមៃចង់ឲ្យអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលលោកហៅថាជាបុគ្គលអសកម្មម្នាក់ ឬក៏បេក្ខភាពដទៃទៀតមកពីបក្សប្រជាធិបតេយ្យអាមេរិក ជាប់ជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២០ ដើម្បីអាចងាយនឹងចរចាបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងដើរខ្សែលើអាមេរិកបានឡើងវិញ៕