​(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានឱ្យដឹងថាកងនាវាចិនបានព្រមាននាវាពិឃាតអាមេរិកបំពាក់ មីស៊ីលមួយគ្រឿង ដែលធ្វើដំណើរចូលមកក្បែរទីប្រជុំកោះជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយរំលោភបំពាន លើអធិបតេយ្យភាពរបស់ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានបញ្ជាក់ថា ដូច្នេះថា៖ « សកម្មភាពរបស់នាវាពិឃាតអាមេរិកគឺជាទង្វើរំលោភលើអធិបតេយ្យភាពរបស់ចិន ព្រមទាំងគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់...ហើយយើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ»

គួរបញ្ជាក់ថា ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងក្រោយ សហរដ្ឋអាមេរិកបានអះអាងថានាវាពិឃាតបំពាក់ មីស៊ីល Preble បានធ្វើដំណើរទៅក្បែរតំបន់ទីប្រជុំកោះ Scarborough ក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពី ថ្ងៃអាទិត្យ ហើយនេះក៏ជាលើកទី២ផងដែរដែលនាវាចម្បាំងអាមេរិកមានវត្តមាននៅក្បែរតំបន់ជម្លោះមួយនេះ ក្នុងរយៈពេលជាងមួយខែមកនេះ៕