Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ៖ យើងចង់ឈ្លានពានផ្នែកសេដ្ឋកិច្ច តែមិនឈ្លានពានដោយសង្គ្រាមបង្ហូរឈាមឡើយ (Video inside)

20-05-2019 14:36

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចាប់អារម្មណ៍តែការឈ្លានពានផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ ហើយលោកនៅតែមិនចង់ឲ្យសង្រ្គាមបង្ហូរឈាម ផ្ទុះឡើងជាមួយអ៊ីរ៉ង់នោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើលោកត្រូវឈ្លានពានប្រទេសណាមួយដោយជៀសមិនផុត គឺលោកចាប់អារម្មណ៍តែ ការឈ្លានពានផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។ ក្នុងឱកាសនោះលោក ដូណាល់ ត្រាំ បានស្ញើចសរសើរគោលនយោបាយសេដ្ឋកិច្ចនៃរដ្ឋបាលលោក ដែលបានជួយឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិក មានភាពរឹងមាំជាងមុនយ៉ាងឆ្ងាយ។

ទន្ទឹមនឹងនេះលោកប្រធានាធិបតីអាមេរិក នៅតែបញ្ជាក់ពីគោលជំហរដដែលថា លោកមិនចង់ព្យាយាមបង្កសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ តែចំណុចសំខាន់ដែលលោកចង់បាននោះ គឺមិនឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត។ លោក ត្រាំ បានបន្ថែមទៀតថា លោកមិនមែនជាបុគ្គលដែលចង់បំផ្ទុះឲ្យមានសង្រ្គាមនោះទេ ពីព្រោះថាសង្រ្គាមធ្វើឲ្យសេដ្ឋកិច្ចខាតបង់ ហើយសំខាន់បំផុតនោះគឺធ្វើឲ្យ បាត់បង់ជីវិតមនុស្ស៕