(តាជីគីស្ថាន)៖ ក្រសួងយុតិ្តធម៌តាជីគីស្ថាននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ឆ្មំារក្សាសន្តិសុខ ០៣នាក់ និងអ្នកទោស ២៩នាក់បានស្លាប់នៅក្នុងពន្ធនាគារមួយកន្លែង បន្ទាប់ពីអ្នកទោសជាក្រុមសកម្មប្រយុទ្ធ ISIS នាំគ្នាធ្វើបះបោរ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន CBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
យោងតាមក្រសួងយុតិ្តធម៌តាជីគីស្ថាន អំពើបះបោរបង្កចលាចលខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យ ក្នុងពន្ធនាគារនៃទីក្រុង វ៉ាក់ដេត (Vakhdat) ដែលស្ថិតនៅចំងាយ ១០គីឡូម៉ែត្រពីភាគខាងកើតរដ្ឋ ដូសានបេ (Dushanbe) ផ្ដើមឡើងដោយអ្នកទោសជាក្រុមសកម្មប្រយុទ្ធ ISIS ជាច្រើននាក់ប្រដាប់ដោយកូនកាំបិត បានចាក់សម្លាប់ឆ្មំាពន្ធនាគារ ០៣នាក់ និងអ្នកទោស ០៥នាក់ផ្សេងទៀត។
ជាការឆ្លើយតបទង្វើបះបោរខាងលើនេះ កងកម្លាំងសន្តិសុខតាជីគីស្ថាន ក៏បានសម្រេចចិត្តបាញ់សម្លាប់អ្នកទោសជាក្រុមសកម្មប្រយុទ្ធ ISIS ២៤នាក់ ដើម្បីស្ដារសន្តិសុខនៅក្នុងពន្ធនាគារឡើងវិញ ជាទីដែលមានអ្នកទោស ១,៥០០នាក់ កំពុងជាប់ឃុំ។ អាជ្ញាធរតាជីគីស្ថានបានអះអាងថា ពន្ធនាគារទីក្រុង Vakhdat គឺជាកន្លែងដែលទទួលបានការថែរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត៕