(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើសេចក្ដីប្រកាស «លុបចោលការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម» ដែលនាំចូលពីប្រទេសកាណាដា និងម៉ិចសីកូ។ ការលុបចោលការ ដំឡើងពន្ធនេះនឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្ដីប្រកាសខាងលើពន្ធបន្ថែម ២៥ភាគរយលើការនាំចូលដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូម ពីកាណាដា និងម៉ិចស៊ីកូ ត្រូវបានលុបចោល។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដាកាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ពីការព្រមព្រៀងគ្នាលុបចោល ការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅវិញទៅមក។ លើសពីនេះទៀតលោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយម៉ិចស៊ីកូផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគរយលើអាលុយមីញ៉ូមពីបណ្ដាប្រទេសជាច្រើន ជាហេតុបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង រហូតដល់ផ្ទុះជាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននាពេលបច្ចុប្បន្ន៕