(ម៉ូស្គូ)៖ សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានបង្គាប់ឱ្យកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយសូម្បីតែមន្ត្រីទូតរបស់ខ្លួន មិនមានភារៈកិច្ចចាំបាច់ប្រចាំទីក្រុងបាកដាដ ក៏ត្រូវ បានបង្គាប់ឱ្យចាកចេញពីប្រទេស ស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះជាបន្ទាន់ផងដែរ ដោយសំអាងពីការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់។
ការសម្រេចចិត្តខាងលើរបស់សហរដ្ឋអាមេរិក កើតមានឡើងក្រោយនាវាចម្បាំង ០៧គ្រឿង ក្នុងនោះរួមនាវាផ្ទុកយន្ដហោះចម្បាំង USS អាប្រាហាំ លីងខិន (USS Abraham Lincoln) បានធ្វើដំណើរទៅដល់សមុទ្រអារ៉ាប់ (Arabian Sea) និងឈរជើង នៅទីតាំងក្បែរប្រទេសអ៊ីរ៉ង់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ តើការដាក់កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ឲ្យស្ថិតក្នុងលក្ខណៈប្រុងជើងខ្ពស់មានន័យថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងប្រើប្រាស់ទឹកដីអ៊ីរ៉ាក់ ជាមូលដ្ឋានវាយប្រហារលើអ៊ីរ៉ង់ និងមួយទៀត តើរដ្ឋាភិបាលទីក្រុងបាកដាដយល់ព្រមនឹងគំរោងនេះដែរ ឬទេ?
ជុំវិញបញ្ហានេះដែរ លោក សាបាហ៍ ហ្សាងហ្គេន (Sabah Zangane) ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអារ៉ាប់ និងអ៊ីរ៉ង់យល់ថា ផ្អែកលើ សង្គមនយោបាយរបស់អ៊ីរ៉ាក់ និងប្រភពទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់-អ៊ីរ៉ង់ ទីក្រុងបាកដាដនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើបា្រស់អ៊ីរ៉ាក់ជាមូលដ្ឋាន ដើម្បីបើកការវាយប្រហារលើអ៊ីរ៉ង់នោះទេ។ ម្យ៉ាងវិញទៀត ប្រជាជនអ៊ីរ៉ាក់ផ្ទាល់ក៏ស្អែកនឹងសង្រ្គាមហើយ ដូច្នេះពួកគេនឹងប្រឆាំងជំទាស់ជាដាច់ខាត រាល់សកម្មភាពដែលអូសអ៊ីរ៉ាក់ឱ្យធ្លាក់ចូលក្នុងសង្រ្គាមជាថ្មី។
បន្ថែមពីលើនេះ អ្នកជំនាញអ៊ីរ៉ង់រូបនេះដដែលក៏បានបញ្ជាកដែរថា ការបញ្ជូនសព្វាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា គឺគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្ររបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ពោលគឺទីក្រុងវ៉ាស៊ីនតោនធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ នោះទេក្នុងពេលបច្ចុប្បន្ន។ សង្រ្គាមនេះក៏បានផ្ដល់ផលប្រយោជន៍អ្វីធំដុំដល់អាមេរិកដែរដ្បិតមានហេតុផលពីរ៖ ទីមួយ គឺសល់តែជាងមួយឆ្នាំទៀត សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។ ដូច្នេះ បើសង្រ្គាមផ្ទុះឡើងនយោបាអាមេរិកអាចនឹងជួបភាពចលាចល។ ទី២ ការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់អាចនឹង បង្កជាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលក៏ថាបាន ព្រោះកងជីវពលស្និទ្ធនឹងអ៊ីរ៉ង់ ជាពិសេសក្រុមហេសប៊ូលឡាអាចនឹងបើកការវាយប្រហារសងសឹកអារ៉ាប៊ីសាអូឌីត ឬក៏អេមីរ៉ាតអារ៉ាប់រួម។
ជាក់ស្ដែងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ កាលពីសប្ដាហ៍មុនបានអះអាងថា អ៊ីរ៉ង់មានសមត្ថភាពប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដើម្បីកោះហៅឱ្យកងជីវពលរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងអស់ ធ្វើសកម្មភាពក្នុងករណីសង្រ្គាមផ្ទុះឡើង៕
ប្រភព៖ Sputnik (ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩)