(ប៉េកាំង)៖ ការបំផុសមួយបានកើតមានឡើង ដោយអំពាវនាវឲ្យប្រជាជនចិនទាំងឡាយ បញ្ឈប់ការប្រើប្រាស់ផលិតផលទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ជាពិសេស iPhone ក្រោយពីភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានឈានដល់ការចេញបម្រាម ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ចិន កាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។
អ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo បានបញ្ចេញប្រតិកម្មឆ្លើយតប ចំពោះការបន្តសម្ពាធរបស់អាមេរិកប្រឆាំងនឹងក្រុមហ៊ុន បច្ចេកវិទ្យាទូរគមនាគមន៍ចិន តាមរយៈការធ្វើពហិការលើផលិតរបស់ Apple បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលហាមក្រុមហ៊ុនអាមេរិកដំឡើងឧបករណ៍របស់បរទេស ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងបទបញ្ជាដាច់ដោយឡែកមួយទៀត ដែលហាមក្រុមហ៊ុនចិនខាងលើ ពីការទិញយកសិទ្ធិបច្ចេកវិទ្យាពីក្រុមហ៊ុនអាមេរិក ដោយពុំមានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។
គួរជម្រាបថា អត្រានៃការលក់ផលិតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់ទៅ ២០ភាគរយ រួចទៅហើយកាលពីអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ហើយអ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណឃើញថា Apple នឹងរងគ្រោះកាន់តែធ្ងន់ថែម ទៀត ប្រសិនបើសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តអូសបន្លាយ៕