(រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានកោះអញ្ជើញបណ្ដាមេដឹកនាំអារ៉ាប់ទាំងអស់ចូលរួមក្នុងកិច្ចប្រជុំ ជាបន្ទាន់មួយ ដើម្បីពិភាក្សាគ្នាជុំវិញការវាយប្រហារលើកប៉ាល់ដឹកប្រេង៤គ្រឿងនៅឯឈូងសមុទ្រ នៃប្រទេស អេមីរ៉ាតអារ៉ាប់រួមកាលពីសប្ដាហ៍មុន។ នេះបើតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ទៀតថាកិច្ចប្រជុំជាបន្ទាន់ខាងលើ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែឧសភានេះ ក្នុងទីក្រុង Mecca។ ក្រសួងបន្ថែមថាព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីនសាល់ម៉ាន ក៏បានជជែកពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ រួចហើយដែរ ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា ការកោះប្រជុំបន្ទាន់របស់ទីក្រុងរីយ៉ាដ កើតមានឡើងបន្ទាប់ពីកប៉ាល់ដឹកប្រេង៤គ្រឿងក្នុងនោះមានកប៉ាល់ ដឹកប្រេងអារ៉ាប៊ីសាអូឌីត២គ្រឿង រងការខូចខាតយ៉ាងដំណុំដោយសារការវាយប្រហារយ៉ាងអាថ៌កំបាំងមួយនៅឯ ឈូងសមុទ្រ ប្រទេសអេមីរ៉ាតអារ៉ាប់រួមកាលពីសប្ដាហ៍មុន។
ប៉ុន្តែ គួរឱ្យកត់សម្គាល់ការវាយប្រហារនេះទៀតសោត កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិកបញ្ជូននាវា ផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក និងប្រព័ន្ធមីស៊ីលទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថាអ៊ីរ៉ង់អាច នឹងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ លើសពីនេះទៅទៀត ក្រុមមន្ត្រីអាមេរិក និងអារ៉ាប៊ីសាអូឌីតជាច្រើននាក់ បានទម្លាក់ការទទួលខុសត្រូវទៅលើអ៊ីរ៉ង់ ដោយចោទត្រង់ៗតែម្ដងថាអ៊ីរ៉ង់ផ្ទាល់ ឬកងជីវពលស្និទនឹងអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេងទាំងនោះ៕