(អូស្រ្ដាលី)៖ ប្រធានាធិបតីអាមេរិក​ លោក​ ដូណាល់ ត្រាំ បានផ្ញើសារអបអរសាទរដល់លោក Scott Morrison សម្រាប់ការបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី បន្ទាប់ពីគណបក្សចម្រុះរបស់លោកទទួលបានជ័យជម្នះនៅ ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។

យោងតាមគណៈកម្មាការរៀបចំការបោះឆ្នោតអូស្ត្រាលី ដោយផ្អែកលើសំឡេងឆ្នោតរាប់បានជាង៧០ភាគរយ គណបក្សចម្រុះរបស់លោក Morrison គឺ Liberal-National Coalition បានទទួលជ័យជម្នះនិងកំពុងនាំមុខគូប្រជែង ដោយទទួលបានសំឡេងគាំទ្រ៧៤អសនៈ (សំឡេងភាគច្រើន៧៦អសនៈ)។ ចំណកឯ ប្រធានគណបក្សពលករ គឺលោក Bill Shorten បានទទួលស្គាល់បរាជ័យ ហើយក៏ប្រកាសលាលែងពីតំណែងផងដែរ។

ដោយឡែក ជុំវិញជ័យជម្នះនេះដែរ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter យ៉ាងខ្លីដូច្នេះថា៖ «អបអរ សាទរលោក Scott សម្រាប់ជ័យជម្នះដ៏អស្ចារ្យនេះ»។

គួរបញ្ជាក់ថា លោក Scott Morrison នៅថ្ងៃអាទិត្យនេះ បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន អូស្ត្រាលីដែលបានបោះឆ្នោតគាំទ្រគណបក្សរបស់លោក ស្របពេលការស្ទង់មតិជាច្រើននាពេលកន្លងមកសុទ្ធតែ អះអាងថាលោកនឹងបរាជ័យនៅក្នុងការបោះឆ្នោតនេះ៕