(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃអាទិត្យនេះបានដំឡើងកម្រិតប្រកាសអាសន្នរបស់ខ្លួនចំពោះភ្នំភ្លើង Hakone ខណៈសកម្មភាពផ្ទុះកាន់តែកើនឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។
JMA បានដំឡើងកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Hakone ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥មក ពីកម្រិតលេខ១ ដល់លេខ២ (ការប្រកាសអាសន្នមាន៥កម្រិត) ជាមួយការព្រមានកុំឱ្យប្រជាជនទាំងអស់ទៅក្បែរភ្នំភ្លើងនេះផងដែរ។ ទីភ្នាក់ងារឧតុនិយមជប៉ុនមួយនេះ បន្ថែមថាដុំថ្មអាចនឹងផ្ទុះចេញពីភ្នំភ្លើង Hakone ធ្លាក់លើតំបន់មួយចំនួន ជាពិសេសតំបន់ Owakudani ស្ថិតនៅចំងាយ៨០គីឡូម៉ែត្រភាគនិរតីទីក្រុងតូក្យូ។
គួរបញ្ជាក់ថា ការសម្រេចចិត្តដំឡើងកម្រិតប្រកាសអាសន្នខាងលើរបស់ JMA ធ្វើឡើងបន្ទាប់ពីចំនួនរញ្ជួយនៃភ្នំភ្លើង Hakone បានកើនឡើងពី០ រហូតដល់៤៥ដងកាលពីថ្ងៃសៅរ៍ ធៀបនឹងកាលពីប៉ុន្មានថ្ងៃមុនៗ៕