(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បាននិយាយថាទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូអាចនឹងពិភាក្សាគ្នាពី ការរួមដៃគ្នាផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស S-500 បន្ទាប់ពីតួកគីទទួលបាន S-400។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។
កាលពីពេលមុនៗ តួកគីក៏ធ្លាប់បានបង្ហាញពីបំណងផលិត S-400 រួមគ្នាជាមួយរុស្ស៊ីផងដែរ ខណៈវិមានក្រឹមឡាំង បញ្ជាក់ថាគ្មានឡើយកិច្ចពិភាក្សាបែបនេះ តែក៏មិនបានបដិសេធពីការផលិតបរិក្ខានៃប្រព័ន្ធមីស៊ីលនេះរួមគ្នាដែរ។
ដោយឡែក នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានឱ្យដឹងថាទីក្រុងអង់ការ៉ា និងទីក្រុងម៉ូស្គូអាចនឹងពិភាក្សាគ្នាពីការរួមដៃគ្នាផលិតប្រព័ន្ធមីស៊ីលការពារដែនអាកាស S-500។ លោក អឺដូហ្គាន់ បានគូសបញ្ជាក់ដូច្នេះថា៖«កិច្ចព្រមព្រៀង S-400 បានបញ្ចប់ទាំងស្រុង ហើយក្រោមកិច្ចសន្យានេះដែរយើងអាចនឹង ទទួលបានប្រព័ន្ធមីស៊ីលនេះនៅដើមខែកក្កដាខាងមុខ...បន្ថែមពីលើនេះ ក្រោយការប្រគល់ S-400 យើងអាចនឹងចាប់ផ្ដើមពិភាក្សាគ្នាពីការផលិត S-500 រួមគ្នា»។
គួរបញ្ជាក់ថា បើតាមលោក អឺដូហ្គាន់ សហរដ្ឋអាមេរិកបានប្រគល់យន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន៥គ្រឿង ឱ្យតួកគីរួចរាល់ហើយ បើទោះជាទីក្រុងវ៉ាស៊ីនតោនគំរាមលុបចោលគម្រោងលក់យន្ដហោះចម្បាំងទាំងនេះ ជាបន្តបន្ទាប់ក៏ដោយ៕