(ម៉ូស្គូ)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថាកាលពីជាង២សប្ដាហ៍មុន វេណេស៊ុយអេឡាបានលក់មាសជិត ១៥តោន មានតម្លៃ៥៧០លានដុល្លារចេញធនាគារកណ្ដាលរបស់ខ្លួន ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩។
ផ្អែកលើប្រភពដែលខ្លួនទទួលបាន Bloomberg បានឱ្យដឹងទៀតថាកាលពីថ្ងៃទី១០ ខែឧសភា ធនាគារកណ្ដាល វេណេស៊ុយអេឡាបានលក់មាស៩.៧តោន និងច្រើនជាង៤តោនបន្ថែមនៅបីថ្ងៃក្រោយមកទៀត។ ប៉ុន្តែប្រភពដដែល មិនបានបញ្ជាក់ពីប្រទេសជាគោលដៅត្រូវនាំចេញនោះទេ។
គួរបញ្ជាក់ថា បើតាម Bloomberg ចាប់តាំងពីដើមខែមេសាមក វេណេស៊ុយអេឡាបានលក់មាសចេញទៅក្រៅ ប្រទេស២៣តោន ខណៈកំពុងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក ដែលមានគោលដៅ ខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ៕