(យូអិន)៖ តំណាងអចិន្ត្រៃយ៍នៃប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) បានបញ្ជូនលិខិតមួយរបស់ច្បាប់របស់ទីក្រុងព្យុងយ៉ាង ជូនដល់ការិយាល័យលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) ដើម្បីស្នើសុំឲ្យលោកធ្វើអន្តរាគមន៍ ឲ្យមានការដោះលែងនាវាដឹកទំនិញកូរ៉េខាងជើង ដែលត្រូវបានកងកម្លាំងការពារដែនសមុទ្រអាមេរិក ចាប់ឃាត់ទុកកាលពីថ្ងៃទី០៩ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNBC នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងលិខិតទៅកាន់លោក ហ្គួទែរែស នោះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកអគ្គលេខាធិការ ខ្ញុំសរសេរលិខិតនេះទៅកាន់រូបលោក ដើម្បីជម្រាបអំពីឧប្បត្តិហេតុ នៃការរឹបអូសយកនាវាដឹកទំនិញ Wise Honest ដែលជាកម្មសិទ្ធិរបស់កូរ៉េខាងជើង...។ សកម្មភាពនៃការរឹបអូសនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកពិតជាប្រទេសដ៏កោងកាចមួយ (ជើងកាង) ដែលមិនខ្វាយខ្វល់សោះឡើយថា អ្វីទៅគឺជាច្បាប់អន្តរជាតិ...»។
គួរបញ្ជាក់ថា កាលពីដើមខែឧសភាកន្លងទៅនេះ កងកម្លាំងជើងទឹកអាមេរិកបានចាប់នាវាដឹកទំនិញកូរ៉េខាងជើងឈ្មោះ Wise Honest ហើយយកវាទៅទុកនៅកំពង់ផែកោះ សាម៉ូវ (American Samoa) ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិកដោយសំអាងថា នាវានេះមានផ្ទុកវត្ថុធាតុហាមឃាត់ ដូចមានចែងនៅក្នុងកញ្ចប់ទណ្ឌកម្មរបស់ UN។ សេតវិមានទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីពេលកន្លងទៅនេះថា នាវា Wise Honest មានផ្ទុកវត្ថុធាតុធ្យូងថ្មកម្រិតខ្ពស់ ដើម្បីយកទៅលក់ឲ្យបរទេស៕