(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានចេញសេចក្តីប្រកាសប្រាប់ដល់ បណ្តាអាកាសចរណ៍អន្តរជាតិ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរចូលដែនអាកាសពីលើឈូងសមុទ្រពែក និងឈូងសមុទ្រអូម៉ង់ ព្រោះយន្តហោះទាំងនោះអាចប្រឈមនឹងការយល់ច្រឡំ នៅចំពោះមុខភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដែលបានផ្ទុះឡើងខ្លាំងថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាមេរិក FAA បានលើកឡើងយ៉ាងដូច្នេះថា «រាល់អាកាសយានិកនៃយន្តហោះស៊ីវិលទាំងអស់ ដែលធ្វើប្រតិបត្តិការនៅម្តុំតំបន់ឈូងសមុទ្រពែក និងអូម៉ង់ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការកើនឡើងសកម្មភាពយោធា និងភាពតានតឹងផ្នែកនយោបាយនៅក្នុងតំបន់ ព្រោះថាពួកគេអាចប្រឈមនឹងការកំណត់អត្តសញ្ញាណច្រឡំ»។
គួរជម្រាបថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានផ្ទុះឡើងខ្លាំងនាពេលថ្មីៗនេះ ស្របពេលដែលអាមេរិក បានសម្រេចបញ្ជូននាវាដឹកយន្តហោះចម្បាំង អាប្រាហាំ លីងខូលន៍ (Abraham Lincoln) និងក្បួនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជាសារព្រមានដល់អ៊ីរ៉ង់ ហើយលើសពីនេះទៀត ទីក្រុងវ៉ាស៊ីនតោនក៏បានអនុញ្ញាតឲ្យបញ្ជូនបន្ថែមនូវប្រព័ន្ធមីស៊ីល ផាទ្រីយ៉ូត (Patriot) និងនាវាយោធា អេលីងតុន (Arlington) ផងដែរ ខណៈនាវាពិឃាតពីរគ្រឿងដែលមានបំពាក់មីស៊ីលប្រដេញ ទើបតែបានចល័តដល់ឈូងសមុទ្រពែក៕