(អាមេរិក)៖ បាតុភូតអាកាសធាតុអាក្រក់ៗ បាននិងកំពុងតែលុកលុយភាគកណ្តាលសហរដ្ឋអាមេរិក ដែលអាចបង្កការគំរាមកំហែងដល់រដ្ឋជាច្រើន និងមនុស្សខ្ទង់លាននាក់នាកំឡុងចុងសប្តាហ៍នេះ ខណៈខ្យល់ព្យុះថូណាដូ (Tornado) ដល់ទៅជាង ៣០ខ្សែត្រូវគេរាយការណ៍ថា ទើបតែបានកើតមាននៅក្នុងរដ្ឋ Nebraska និង Kansas កាលពីប៉ុន្មានម៉ោងកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអាកាសធាតុ AccuWeather នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
បញ្ហាលក្ខខណ្ឌអាកាសធាតុខាងលើ បានចាប់ផ្តើមរីករាលដាលឡើងដំបូង កាលពីថ្ងៃព្រហស្បតិ៍ (ពេលវេលានៅអាមេរិក) នៅតាមតំបន់នៃរដ្ឋ អ៊ីយ៉ូវ៉ា (Iowa), អ៊ីល្លីណយស៍ (Illinois), និង ឥណ្ឌាណា (Indiana) ដោយបាតុភូតខ្យល់កន្រ្តាក់ល្បឿនជិត ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានកើតមាននៅឯរដ្ឋ Iowa ខណៈគ្រាប់ភ្លៀងទឹកកកទំហំប៉ុនកូនបាល់ Baseball បានធ្លាក់ស្រោចនៅរដ្ឋ Illinois ហើយខ្យល់ព្យុះ Tornado បានត្រូវគេរាយការណ៍ថា មាននៅចម្ងាយជិត ១០០គីឡូម៉ែត្រពីទីក្រុងឈីកាហ្គោ (Chicago)។
ឈានចូលដល់ថ្ងៃសុក្រ ព្យុះផ្គររន្ទះកាន់តែខ្លាំងៗបានលេចឡើងនៅទូទាំងភាគកណ្តាលសហរដ្ឋអាមេរិក ចាប់តាំងពីភាគខាងលិចរដ្ឋ តិចសាស់ (Texas) រហូតដល់រដ្ឋ ណេប្រាស្កា (Nebraska) ខណៈព្យុះ Tornado ធំៗជាច្រើនត្រូវបានគេប្រទះឃើញនៅភាគកណ្តាលរដ្ឋ Nebraska និងនៅក្នុងរដ្ឋ កាន់សាស់ (Kansas)។
គួរជម្រាបថា ព្យុះទាំងនេះត្រូវបានព្យាករណ៍ថា នឹងបន្តលេចឡើងដល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមរដ្ឋភាគកណ្តាលអាមេរិក តែនឹងងាកឆ្ពោះទៅម្តុំភាគខាងកើតក៏ដូចជាឦសានបន្តិច។ ម៉្យាងវិញទៀត មកទល់ពេលនេះពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ដោយសារបាតុភូតទាំងនេះនៅឡើយទេ គឺមានតែដើមឈើដួលរលំ បាក់បង្គោលអគ្គិសនី និងកសិដ្ឋានមួយចំនួនរងការខូចខាតប៉ុណ្ណោះ៕