(វ៉ាស៊ីនតោន)៖ អតីតវេជ្ជបណ្ឌិតម្នាក់ប្រចាំនៅសាកលវិទ្យាល័យរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក (Ohio State University) ធ្លាប់បានប្រព្រឹត្តសកម្មភាពបំពានផ្លូវភេទ ទៅលើនិស្សិតយ៉ាងហោចណាស់ដល់ទៅចំនួន ១៧៧នាក់ក្នុងអំឡុងពេល ០២ទសវត្សរ៍។ នេះបើតាមការបញ្ជាក់របស់សាកលវិទ្យាល័យរដ្ឋអូហៃអូផ្ទាល់ ដកស្រង់ខ្លឹមសារដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខាងលើ គឺលោក ម៉ៃឃើល ដ្រេក (Michael Drake) ការស៊ើបអង្កេតឯករាជ្យមួយដែលមានរយៈពេល ១២ខែបានរកឃើញថា លោក រីឆាដ ស្ត្រូស (Richard Strauss) ដែលបានលាចាកលោកកាលពីឆ្នាំ២០០៥ បាត់ទៅហើយនោះ ធ្លាប់បានប្រព្រឹត្តទង្វើរំលោភបំពានផ្លូវភេទ ទៅលើនិស្សិតយ៉ាងតិច ១៧៧នាក់ កាលពីចន្លោះឆ្នាំ១៩៧៩ និងឆ្នាំ១៩៩៧ ខណៈដែលលោកនៅកាន់តួនាទីជាវេជ្ជបណ្ឌិត ប្រចាំសាកលវិទ្យាល័យ។
គួរជម្រាបថា លោក Drake បានជូនដំណឹងនេះ តាមរយៈសារអ៊ីម៉ែលទៅកាន់និស្សិត ក៏ដូចជាសាស្រ្តារ្យ និងបុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យ Ohio State University ហើយលោកក៏បានសម្តែងការសោកស្តាយផងដែរ ដែលកាលនោះសាកលវិទ្យាល័យ បានបរាជ័យក្នុងការទប់ស្កាត់សកម្មភាព ដែលមិនអាចទទួលបានរបស់លោក Strauss និងពុំមានការស៊ើបអង្កេតឲ្យបានដិតដល់៕