(ការ៉ាកាស់)៖ រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសជាថ្មីម្តងទៀតថា ទីក្រុងការ៉ាកាស់ស្វាគមន៍សហរដ្ឋអាមេរិក មកអង្គុយចុះដើម្បីចរចាគ្នាដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ទើបបានព្រលយមួយឃ្លាថា គោលនយោបាយយុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ក្នុងការផ្តួលរំលំរបបដឹកនាំទីក្រុងការ៉ាកាស់ បានទទួលបរាជ័យទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការបរទេសវេណេស៊ុយអេឡា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលវេលានេះគឺវាត្រឹមត្រូវណាស់សម្រាប់ផ្លូវការទូត។ ម៉ោងនេះក៏តម្រូវឲ្យប្រើប្រាស់ការទូតផងដែរ។ យើងត្រៀមខ្លួនរួចហើយ ដើម្បីងាកទៅរកផ្លូវទូត នោះគឺការអង្គុយចុះចរចាជាមួយគ្នា ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក... រដ្ឋាភិបាលវេណេស៊ុយអេឡាមានឆន្ទៈក្នុងការបង្កើតយន្តការចរចាជាមួយរដ្ឋាភិបាលអាមេរិក...»។
គួរបញ្ជាក់ថា ភាពតានតឹងនៅវេណេស៊ុយអេឡា បានផ្ទុះឡើងខ្លាំងបំផុតចាប់តាំងពីកំឡុងខែមករា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ដោយសារតែសហរដ្ឋអាមេរិកបានបង្ហាញសកម្មភាពកាន់តែខ្លាំងទៅក្នុងជម្លោះផ្ទៃក្នុង នៃប្រទេសអាមេរិកឡាទីនមួយនេះ តាមរយៈការគាំទ្រ និងលើកស្ទួយដោយបើកចំហឲ្យមេបក្សប្រឆាំងធំបំផុតនៅវេណេស៊ុយអេឡាគឺលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ឡើងធ្វើជាប្រធានាធិបតីស្តីទី និងគំរាមធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាបន្តបន្ទាប់។ វេណេស៊ុយអេឡានៅក្នុងសប្តាហ៍នេះក៏បានប្រកាសផងដែរថា ចាប់តាំងពីការផ្ទុះភាពតានតឹងមក ប្រទេសនេះបានខាតបង់សេដ្ឋកិច្ចមិនតិចជាង ៣០ពាន់លានដុល្លារនោះឡើយ៕