(ទ្រីប៉ូលី)៖ ប្រជាជនលីប៊ីរាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅក្នុងទីក្រុងទ្រីប៉ូលីភាគខាងលិចលីប៊ី ជាទីកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ជាមួយកងទ័ពលោកឧត្តមសេនីយ ខាលីហ្វា ហាហ្វតា (Khalifa Haftar) ដែលគ្រប់គ្រងដែនដីភាគខាងកើត និងមានចេតនាក្រសោបយកតំបន់ភាគខាងលិចនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។
ការប្រមូលផ្តុំរបស់ប្រជាជនលីប៊ីខាងលើនេះ គឺដើម្បីសម្តែងការគាំទ្រចំពោះរដ្ឋាភិបាលលីប៊ី ដែលគ្រប់គ្រងដែនដីភាគខាងលិច និងមានអង្គការសហប្រជាជាតិ (UN) ជាអ្នកគាំទ្រ ហើយពួកគេក៏បានបង្ហាញការប្រឆាំងយ៉ាងពេញទំហឹងផងដែរ ចំពោះកងទ័ពលោក Khalifa Haftar ដែលកំពុងតែវាយសម្រុកក្នុងចេតនាគ្រប់គ្រងទីក្រុងទ្រីប៉ូលី ដោយសំអាងថា ដើម្បីបណ្តេញពួកភេរវករចេញពីតំបន់នេះ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដែលបានចេញនៅក្នុងខែឧសភានេះ ការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាលភាគខាងលិច និងរដ្ឋាភិបាលភាគខាងកើតក្នុងប្រទេសលីប៊ីបានកើនដល់៤០០នាក់ និង ១,៩៣៦នាក់ផ្សេងទៀតរងរបួស។ បន្ថែមពីនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជាក់ដែរថា មនុស្សជាង ៥០,០០០នាក់ បានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ។ ជម្លោះនៅក្នុងប្រទេសលីប៊ី បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី០៤ ខែមេសា ក្រោយលោកឧត្ដមសេនីយ ខាលីហ្វា ហាហ្វតា (Khalifa Haftar) បានបញ្ជាឱ្យកងកម្លាំងរបស់លោក បើកការវាយលុកលើទីក្រុងទ្រីប៉ូលី ដោយសំអាងថា ដើម្បីរំដោះរដ្ឋធានីមួយនេះពីក្រុមប្រដាប់អាវុធខុសច្បាប់ និងពួកភេរវករ៕