(កាប៊ុល)៖ កងទ័ពអាហ្វហ្គានីស្ថានយ៉ាងហោចណាស់១៧នាក់ បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតបានរងរបួស ដោយសារ ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក នៅស្រុក Nahr-e-Saraj នៃខេត្ត Helmand ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរខេត្ត Helmand ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិក ត្រូវបានធ្វើឡើងនាយប់ថ្ងៃសុក្រនេះ ចំពេលដែល យោធាអាហ្វហ្គានីស្ថាន កំពុងតែប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមតាលីបង់។ ជុំវិញបញ្ហានេះ កងទ័ពអាមេរិកមិនទាន់ឃើញចេញមុខ បកស្រាយបញ្ជាក់នៅឡើយទេ តែអភិបាលខេត្ត Helmand លោក Mohammad Yasin បានឲ្យដឹងថា ប្រតិបត្តិការទម្លាក់គ្រាប់នោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរជម្រាបថា ក្រុមឧទ្ទាមតាលីបង់កាន់កាប់ឬក៏មានឥទ្ធិពលនៅក្នុងដែនដីមួយភាគធំនៃខេត្ត Helmand ជាទីដែលយោធាអាមេរិក ជារឿយៗបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស ក្រោមគោលដៅជួយគាំទ្រដល់កងទ័ពអាហ្វហ្គានីស្ថាន វាយដណ្តើមយក ដែនដី ដែលបាត់បង់ទាំងនោះត្រឡប់មកវិញ ប៉ុន្តែក៏មានកំហុសម្តងម្កាលបណ្តាលឲ្យទាហានអាហ្វហ្គានីស្ថានស្លាប់និងរបួសរបួស ដូចជាពេលនេះផងដែរ៕