(វ៉ាស៊ីនតោន)៖ យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចទុកពេល ១៨០ថ្ងៃ ដើម្បីឲ្យរដ្ឋបាលរបស់លោកសម្រេចឲ្យបានកិច្ចព្រមព្រៀងថ្មី ជាមួយសហភាពអឺរ៉ុប (EU) ជប៉ុន និងប្រទេសដទៃទៀត ជុំវិញអ្វី ដែលលោកអះអាងថា ជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ បង្កឡើងដោយការនាំចូលរថយន្តក៏ដូចជា គ្រឿង បន្លាស់ រថយន្ត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍ខាងលើ លោក ត្រាំ បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចបង្គាប់ឲ្យទីភ្នាក់ងារទទួលបន្ទុកខាងគោល នយោបាយពាណិជ្ជកម្ម USTR បន្តដឹកនាំកិច្ចចរចាដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិ ពាក់ព័ន្ធនឹងការនាំចូលរថយន្ត ក៏ដូចជា គ្រឿងបន្លាស់រថយន្តមួយចំនួន ពីសហភាពអឺរ៉ុប ជប៉ុន ព្រមទាំងប្រទេសទាំងឡាយផ្សេងទៀត ដែលទីភ្នាក់ងារ USTR មើល ឃើញ ថាសាកសម ហើយជូនដំណឹងមកខ្ញុំវិញអំពីដំណើរការនៃកិច្ចចរចាទាំងនេះឲ្យបាន ក្នុងចន្លោះពេល១៨០ថ្ងៃ»។
គួរជម្រាបថា ក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានធ្វើការនាំចូលរថយន្តគិតជាទំហំទឹកប្រាក់ស្មើនឹង១៩១.៧ពាន់លានដុល្លារ ពីក្រៅ ប្រទេស ដោយក្នុងនោះរថយន្តដឹកអ្នកដំណើរជាប់ពន្ធតែ២.៥ភាគរយប៉ុណ្ណោះ ប៉ុន្តែលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធឲ្យ ដល់២៥ភាគរយ ព្រោះសហភាពអឺរ៉ុបនិងដៃគូពាណិជ្ជកម្មដទៃទៀត យកពន្ធច្រើនខ្លាំងមកលើរថយន្តដែលនាំចេញពីអាមេរិក៕