(សិង្ហបុរី)៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនគួរតែផ្តោតសំខាន់ និងទទួលស្គាល់ពីការកើនឡើងនៃឥទ្ធិពលរបស់ចិន នៅលើឆាកអន្តរជាតិ ហើយដើម្បីដោះស្រាយបញ្ហានានា ទីក្រុងវ៉ាស៊ីនតោនមិនគួរមើលឃើញទីក្រុង ទីក្រុងប៉េកាំងគឺជាសត្រូវរបស់ខ្លួននោះឡើយ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន់ (Vivian Balakrishnan) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
នៅឯមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ លោក Balakrishnan បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសសិង្ហបុរីសង្ឃឹមថា សហរដ្ឋអាមេរិក និងចិនអាចធ្វើការងារជាមួយគ្នាតាមយុទ្ធសាស្ត្រមួយ នោះគឺទទួលយកការកើនឡើងនៃឥទ្ធិពលចិននៅលើឆាកអន្តរជាតិ ព្រមទាំងស្វែងរកនៅផ្លូវដោះស្រាយបញ្ហានានា ដោយឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
បើតាមលោក Vivian Balakrishnan ការប្រកួតប្រជែងជាមួយចិន គឺជារឿងដែលមិនអាចចៀសបាន ប៉ុន្តែវាក៏មិនមែនត្រូវតែជាការប្រកួតប្រជែងដែលចង់ឈ្នះគ្នា រហូតដល់បំផ្លាញផលប្រយោជន៍ភាគីម្ខាង ឱ្យដល់ចំណុចសូន្យឡើយ។ រីឯការប្រកួតប្រជែងប្រកបដោយលក្ខណៈស្ថាបនាគួរតែធ្វើឡើង ឱ្យស្របទៅតាមបទដ្ឋានអន្តរជាតិ និងច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ការលើកឡើងប្រកបដោយអត្ថន័យរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី គឺបានកើតមានឡើងក្រោយមហាយក្សសេដ្ឋកិច្ចកំពូលៗលើលោកទាំងពីរ អាមេរិក និងចិន បានប្រកាសដំឡើងពន្ធក្នុងតម្លៃរាប់រយពាន់លានដុល្លារ ដាក់គ្នាទៅវិញទៅមក ហើយទាំងសងខាងហាក់មិនទាន់បង្ហាញសញ្ញាណាមួយ ថាព្រមបន្ថយដៃក្នុងសង្គ្រាមពាណិជ្ជកម្មនេះឡើយ ទោះបីជាបណ្តាប្រទេសនានា និងអ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិបានព្រមានដូចៗគ្នាថា ប្រទេសទាំងពីរនឹងខាតបង់ ហើយពិភពលោកទាំងមូលក៏នឹងរងគ្រោះដោយសារសង្គ្រាមមួយនេះក៏ដោយ៕