(ញូយ៉ក)៖ អតីតមន្ត្រីជាន់ខ្ពស់អាមេរិកលោក ហ្សាខូប លូ (Jacob Lew) បានឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនអាចនឹងជះឥទ្ធិពលអវិជ្ជមាន ដល់ពាណិជ្ជកម្មទូទាំងពិភពលោក ព្រមទាំងសេដ្ឋកិច្ចអាមេរិកខ្លួនឯងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមលោក Jacob Lew ដែលជាអតីតរដ្ឋមន្ត្រីរតនាគារជាតិអាមេរិកពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកក៏អាចនឹងបង្កការរាំងស្ទះផងដែរ ទៅដល់បណ្ដាញផ្គត់ផ្គង់សកល រួមទាំងលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនានារបស់ប្រទេសទាំង ២។ លោក Jacob Lew បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សង្រ្គាមពាណិជ្ជកម្មបច្ចុប្បន្នកំពុងបង្កភាពមិនច្បាស់លាស់ ហើយភាពមិនច្បាស់លាស់នេះទៀតសោត មិនមែនសមាសធាតុសំខាន់ក្នុងការងើបឡើង វិញនៃសេដ្ឋកិច្ចអាមេរិកអស់រយៈពេល ១០ឆ្នាំមកនេះពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ នោះទេ»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនសហរដ្ឋអាមេរិកបានដំឡើងពន្ធមានតម្លៃ ២០០ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន ខណៈទីក្រុងប៉េកាំងក៏បានសងសឹក ជាមួយដំឡើងពន្ធមានតម្លៃ ៦០ពាន់លានដុល្លារ លើផលិតផល នាំចូលពីសហរដ្ឋអាមេរិកវិញដែរ។ ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំងបានព្រលយថា បើសហរដ្ឋអាមេរិកចង់ចរចានោះទ្វារចរចានៅបើកចំហ តែបើអាមេរិកចង់បន្តធ្វើសង្រ្គាមពាណិជ្ជកម្ម នោះចិននឹងកំដររហូតដល់ទីបញ្ចប់៕