(តៃប៉ិ)៖ ទៅទីបំផុតសភាកោះតៃវ៉ាន់ បានក្លាយជាសភាដំបូងគេបំផុតក្នុងតំបន់អាស៊ី ដែលបានផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ នៃក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងការបោះឆ្នោតមួយនៅថ្ងៃសុក្រនេះ ជាមួយសំឡេងគាំទ្រ ៦៦ ទល់នឹងសំឡេងប្រឆាំង ២៧។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៧ តុលាការធម្មនុញ្ញនៃកោះតៃវ៉ាន់បានសម្រេចថា អ្នកស្រឡាញ់ភេទដូចគ្នា គឺមានសិទ្ធិរៀបការជាមួយគ្នាដោយស្របច្បាប់។ ប៉ុន្តែ សភាមានរយៈពេលកំណត់ ០២ឆ្នាំ ដើម្បីអនុម័ត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមួយចំនួន មុននឹងកាលបរិច្ឆេទនេះត្រូវផុតកំណត់នៅត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នារាប់រយនាក់បានប្រមូលផ្ដុំគ្នានៅក្រៅ អគារសភាក្នុងទីក្រុងតៃប៉ិ ដើម្បីរង់ចាំស្ដាប់លទ្ធផល និងការប្រកាសជាប្រវត្តិសាស្ត្រ ពីភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ ក្រុមអ្នកទាំងនេះបានស្រែកទាំងក្ដីរីករាយ ហើយអ្នកខ្លះទៀតយំឱបគ្នាទំាងកណ្ដាលភ្លៀងធ្លាក់ ប្រកបដោយភាពរ៉ូមែនទិច ខណៈលទ្ធផលត្រូវបានប្រកាស៕