(ម៉ូស្គូ)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡាលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) បាននិយាយថា ការធ្វើទំនាក់ទំនងគ្នារវាងអ្នកតំណាងរបស់លោក និងក្រុមមន្ត្រីរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ នៅក្នុងទីក្រុងអូស្លូ (Oslo) ប្រទេសន័រវែសមិនមែនជាកិច្ចចរចា ដើម្បីឈានដល់ កិច្ចព្រមព្រៀងណាមួយឡើយ ប៉ុន្តែវាគ្រាន់តែជាការប៉ុនប៉ងអង្គុយចុះ នៅតុចរចាប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
លោក ហ្គៃដូ ធ្វើការកត់សម្គាល់ខាងលើ តាមរយៈសម្រង់សម្ដីដោយសារព័ត៌មាន El Nacional នៅក្នុងសប្ដាហ៍នេះ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «វាមិនមែនជាមធ្យោបាយចរចា នាំទៅរកកិច្ចព្រមព្រៀងនោះទេ តែវាគឺកិច្ចខិតប្រឹងប្រែងរបស់ន៍រវែស ក្នុងនាមជាអ្នកសម្របសម្រួល ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមកហើយ»។ លោក ហ្គៃដូ បន្ថែមទៀតថា កិច្ចពិភាក្សាកំពុងកើតឡើងនេះគឺជាលើកទីពីរហើយ ដែលប្រទេសន័រវែសជាអ្នកអញ្ជើញ ភាគីវេណេស៊ុយអេឡាឱ្យអង្គុយនៅតុចរចាក្នុងទីក្រុង Oslo នោះ។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ប្រភពមួយបានប្រាប់ Sputnik ថា ប្រតិភូវេណេស៊ុយអេឡាមួយក្រុម បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស ក្នុងគោលបំណងព្យាយាមស្វែងរកផ្លូវដោះស្រាយ ជាមួយបក្សប្រឆាំង។ ចំណែកឯអគ្គរដ្ឋទូត វេណេស៊ុយអេឡាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ហ្សក វ៉ាឡេរ៉ូ (Jorge Valero) ក៏បានទទួលស្គាល់ដែរថា កិច្ចពិភាក្សារវាងតំណាងរដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងបក្សប្រឆាំងកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុង Oslo៕