(នីការ៉ាហ្គ័រ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័របានវាយប្រហារលើប្រទេស នីការ៉ាហ្គ័រ (Nicaragua) ស្ថិតក្នុងតំបន់អាមេរិកកណ្តាល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅអាមេរិកកណ្តាល) ដោយបានបង្ករំញ័រដល់អគារជាច្រើន ខណៈប្រជាជនមួយចំនួនត្រូវជម្លៀស ទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរប្រទេស Nicaragua គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ១០៖២៨នាទីព្រឹក និងមានចំណុចរញ្ជួយនៅចំងាយ ៦៥គីឡូម៉ែត្រពីទីក្រុង ហ្ស៊ីឃ្វីលីឡូ (Jiquilillo) ស្ថិតនៅភាគខាងលិចនៃប្រទេសជាមួយជម្រៅរញ្ជួយទៅក្នុងដី ៣២គីឡូម៉ែត្រ។
គួរបញ្ជាក់ថា មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់ឡើយ ខណៈរដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាជនកុំចលាចល។ នីការ៉ាហ្គ័រក៏ជាប្រទេសមួយ ស្ថិតនៅ តំបន់ខ្សែក្រវាត់ភ្នំភ្លើងព័ទ្ធជុំវិញមហាសាគរប៉ាស៊ីហ្វិកផងដែរ ដែលប្រការនេះ មានន័យថា ដែនដីនេះជាតំបន់ងាយរងគ្រោះធម្មជាតិផ្សេងៗ ជាពិសេសគឺរញ្ជួយដីតែម្តង៕