(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានប្រកាសឲ្យដឹងថា ការអាប់ដេតប្រព័ន្ធបញ្ជាការហោះហើរ MCAS ឬ anti-stall system សម្រាប់ត្រកូលយន្តហោះ 737 MAX បានបញ្ចប់ទៅជាស្ថាពរហើយ ក្រោយមានករណីធ្លាក់យន្តហោះស៊េរីថ្មីនេះ ដល់ទៅពីរលើក ដែលបានសម្លាប់ជីវិតមនុស្សដល់ទៅ ៣៤៦នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះរបស់ Boeing នៅទីបំផុតដំណើរការអាប់ដេតនៃប្រព័ន្ធកម្មវីធី MCAS របស់ស៊េរីយន្តហោះ 737 MAX រួមជាមួយការធ្វើតេស្តហោះហើរតាមប្រព័ន្ធកុំព្យូទ័រ និងដោយផ្ទាល់ដទៃទៀតត្រូវបានបញ្ចប់ទៅជាស្ថាពរ ដោយក្រុមហ៊ុនបានធ្វើការហោះហើរសាកល្បង យន្តហោះនេះជាមួយប្រព័ន្ធ MCAS ដែលត្រូវបានអាប់ដេតរួចរាល់ ដោយបានប្រើពេលជាង ៣៦០ម៉ោង ក្នុងជើងហោះហើរចំនួន ២០៧ជើង។
បន្ទាប់មកទៀត ក្រុមហ៊ុន Boeing នឹងត្រូវធ្វើការជាមួយអាជ្ញាធរសហព័ន្ធអាកាសចរណ៍ FAA របស់សហរដ្ឋអាមេរិកដើម្បីពិនិត្យ និងវាយតម្លៃការហោះហើររបស់យន្តហោះ 737 MAX ជាមួយប្រព័ន្ធ MCAS ដែលត្រូវបានអាប់ដេតថ្មីក្រោមក្តីសង្ឃឹមថា 737 MAX នឹងអាចទទួលបានការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការឡើងវិញ ហើយគ្រប់គ្នានឹងលែងមានការសង្ស័យ ឬព្រួយបារម្ភតទៅទៀត។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ព័ត៌មាន អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានមើលរំលងនូវហានីភ័យផ្នែកសុវត្ថិភាពដ៏សំខាន់ នៃប្រព័ន្ធបញ្ជាការហោះហើររបស់ យន្តហោះប្រភេទថ្មីចុងក្រោយ Boeing 737 MAX ដែលត្រូវក្រុមអ្នកស៊ើបអង្កេតអះអាងថា ជាមូលហេតុចម្បងនៅពីក្រោយករណីធ្លាក់យន្តហោះ នៅឯប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ និងនៅប្រទេសអេត្យូពីកាលពីខែមីនា ឆ្នាំ២០១៩៕