(ហ្សាការតា)៖ បន្ទាប់ពីបានប្រកាសអំពីផែនការប្តូររដ្ឋធានី ចេញពីទីក្រុងបច្ចុប្បន្នគឺហ្សាការតា ទៅរកកន្លែងថ្មីមួយទៀតនោះ រដ្ឋាភិបាលឥណ្តូណេស៊ីពេលនេះបានបញ្ចេញដំណឹង អំពីកញ្ចប់ថវិកា ប្រមាណ ៣០.៩ទ្រីលានរូពី ឬស្មើនឹង ២.១ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូល ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
ជុំវិញការបញ្ចេញកញ្ចប់ថវិកាគម្រោងខាងលើនេះ លោក Bambang Brodjonegoro រដ្ឋមន្ត្រីអភិវឌ្ឍន៍ផែនការឥណ្តូណេស៊ីបានបញ្ជាក់ថា ការប្តូរទីក្រុងនឹងត្រូវប្រើប្រាស់ថវិកាជាតិ ដើម្បីទ្រទ្រង់ទាំងស្រុង ហើយវានឹងត្រូវបញ្ចប់ក្នុងរយៈពេល ០៥ឆ្នាំ។ លោករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា បើតាមចំនួនទឹកប្រាក់ខាងលើនេះ រដ្ឋាភិបាលនឹងត្រូវចំណាយយ៉ាងហោចណាស់ ៤១៥លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តន៍គម្រោងរយៈពេល ០៥ឆ្នាំ។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអំពីផែនការផ្លាស់ប្តូររដ្ឋធានីថ្មី ពីទីក្រុងហ្សាការតាបច្ចុប្បន្នដែលតែងកកស្ទះជាប្រចាំ ទៅកាន់ទីកន្លែងថ្មីមួយទៀត ដែលអាចស្ថិតនៅក្នុងខេត្ត Kalimantan ភាគខាងលិច ឬកណ្តាល ហើយវានឹងមានទំហំយ៉ាងហោចណាស់ ៤០,០០០ហិកតា។ ការបង្កើតរដ្ឋធានី ឬទីក្រុងរដ្ឋបាលថ្មីនេះ គឺជាបង្កើតរចនាសម្ព័ន្ធថ្មីដែលប្រកបដោយសក្តានុពល និងបរិស្ថានល្អប្រសើរជាងមុន ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ៕