(ប៉េកាំង)៖ យានរុករក Yutu-2 របស់ប្រទេសចិន ដែលកំពុងស្ថិតនៅតំបន់ Far Side របស់ព្រះច័ន្ទ បានរកឃើញវត្ថុធាតុមួយចំនួន ដែលមានប្រភពមកពីខាងក្រោមផ្ទៃរបស់ព្រះច័ន្ទ ហើយការរកឃើញនេះត្រូវអ្នកវិទ្យាសាស្រ្តចិនសង្ឃឹមថា នឹងអាចជួយដល់ការ ទម្លាយអាថ៌កំបាំងនៅពីក្រោយដំណើរវិវត្តន៍របស់ព្រះច័ន្ទក៏ដូចជាភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈការប្រើទិន្នន័យដែលទទួលបានពីឧបករណ៍បំពាក់នៅលើយាន Yutu-2 អ្នកស្រាវជ្រាវចិនមួយក្រុមបានរកឃើញថា ដីនៅលើឋានព្រះច័ន្ទនៅកន្លែងដែលយាន Chang'e-4 ចុះចត (យាន Yutu-2 ជាយានចល័តបាន ដែលត្រូវបានផ្ទុកយាន Chang'e-4) មានផ្ទុកនូវវត្ថុធាតុ Olivine និង Pyroxene ដែលមានប្រភពមកពីស្រទាប់ជ្រៅនៅផ្នែកខាងក្នុងរបស់ព្រះច័ន្ទ ក្នុងបរិមាណយ៉ាងច្រើន។
គួរជម្រាបថា ក្រោយពីយាន Chang'e-4 ដែលជាប្រភេទ Lander បានចុះចតនៅរណ្តៅ Von Karman នៅផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ កាលពីថ្ងៃទី០៣ ខែមករាដើមឆ្នាំនេះ យាន Yutu-2 ប្រមូលបានទិន្នន័យល្អៗជាច្រើន នៅទីតាំងចំនួនពីរ។ ដោយឡែក លទ្ធផលខាងលើនេះ គឺជារបកគំហើញផ្នែកវិទ្យាសាស្រ្ត ដ៏សំខាន់មួយដំបូងគេរបស់បេសកកម្ម Chang'e-4៕